(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ ក្រោមប្រធានបទ៖ ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសលគ្រាសធុនមីក្រូ តូច និងមធ្យម របស់គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ -២៧ខែសីហា ឆ្នាំ២០២៣ នៅផ្សារម៉ាក្រូ ខេត្តសៀមរាប។
លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តសៀមរាប បានថ្លែងថា គម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម បានជួយឱ្យអ្នកផលិត និងអ្នកទិញជួបចរចាគ្នា និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
លោក យន់ លីនណេ បានបន្តថា រដ្ឋបាលខេត្តសៀមរាបគាំទ្រ និងចូលរួមផ្សព្វផ្សាយនិងជំរុញការអនុវត្តចលនាភូមិមួយ ផលិតផលមួយឲ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យផងដែរ។
លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា ដើមី្បឈានទៅការនាំចេញទៅក្រៅប្រទេស និងស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍជាតិផ្សេងៗ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជាពិសេសកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិវឌ្ឍផលិតផលភូមិមួយផលិតផលមួយ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
លោក សួង ណយ បានបន្តថា សហគ្រិនខ្មែរ ជាស្ថាប័នដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំ២០១៩ ដែលមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ ក៏ដូចជាអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃវិស័យសហគ្រិនភាព នៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀងគរវិនិយោគនិងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ជាមួយនឹងគោលដៅរួមគ្នា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្របកដោយបរិយាបន្ន និងនិរន្តរភាព និងមើលឃើញថា លទ្ធភាពទទួលបានទីផ្សារជាបញ្ហាចម្បងមួយសម្រាប់សហគ្រាសនៅកម្ពុជា -OVOP និងអង្គការអុកស្វាម បានសហការគ្នាតាំងពីឆ្នាំ២០២២ តាមរយៈគម្រោង «ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហ គ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)»។ គម្រោងនេះដែរ រួមមានការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នៅតាមបណ្តាខេត្ត-ក្រុងជាង១០។ អ្នកចូលរួមនឹងអាចបង្ហាញផលិតផល/សេវាកម្មរបស់ពួកគេ និងភ្ជាប់ទំនាក់ ទំនងជាមួយអ្នកទិញ និងអ្នកលក់សក្តានុពល។
លោកបានបញ្ជាក់ថា ពួកគេក៏ទទួលបានការយល់ដឹងកាន់តែច្រើនអំពីបញ្ហាទាក់ទងនឹងភាពជាសហគ្រិន រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវផងដែរ។ បន្ទាប់ពីវេទិកានេះ ពួកគេបន្តទទួលបានការគាំទ្រពីក្រុមការងារថ្នាក់ជាតិ និងខេត្តរបស់ OVOP ដើម្បីលក់ផលិតផលរបស់ពួកគេទៅកាន់អ្នកទិញក្នុងស្រុក និងអន្តរជាតិ។ ម៉្យាងទៀត យើងទទួលបានដៃគូសហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំទ្រនេះ ទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ នៅក្នុងឆ្នាំនេះ ពួកយើងមានគម្រោងរៀបចំវេទិកានេះនៅ១៥ខេត្ត-ក្រុងផងដែរ៕