(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងអនុវត្តគម្រោងជួសជុលនិងកសាងប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀងនៅក្រុងសិរីសោភ័ណ តាមរយៈគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សា និងសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងក្រុងនេះ ប៉ុន្តែធម្មតាការជួសជុលតែងមានការប៉ះពាល់ខ្លះដល់មុខរបររបស់ប្រជាពលរដ្ឋ។
ដោយទទួលបានដំណឹងនៃការប៉ះពាល់ដល់ប្រជាពលរដ្ឋនេះហើយ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ បានចុះសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន។ ក្រុមជំនាញបានពិនិត្យឃើញថា ក្រុមហ៊ុនបានជីកកាយដីថ្នល់ និងដាក់ប្រព័ន្ធទុយោ លូ និងកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កការរំខាន និងការលំបាកដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមែន។ ដូច្នេះហើយលោកអភិបាលខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច និងអ្នកអនុវត្តគម្រោង ក៏សូមការយោគយល់អធ្យាស្រ័យដល់ប្រជាពលរដ្ឋទាំងអស់។
លោក សយ សេដ្ឋា ប្រធានការដ្ឋាននៃក្រុមហ៊ុនសំណង់ទីក្រុងប៉េកាំងហ្គ្រុប ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀងនៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ អនុវត្តបាន៤៧%ហើយ ដោយបានចាប់ផ្ដើមចាប់ពីខែកញ្ញា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។
លោក ខែម ពេជ្ររស្មី មន្ត្រីសាលាក្រុង និងជាមន្ត្រីសម្របសម្រួលគម្រោង បានឲ្យដឹងថា
ការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រពូន្ធទឹកភ្លៀងនៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ ប្រើឥណទានធនាគារអភិវឌ្ឍន៍អាស៊ីចំនួន២២លានដុល្លារអាមេរិក៕