(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និងជាអភិបាលក្រុង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាពក្នុងក្រុង ដោយមានរៀបចំក្នុងរបៀបវារៈចំនួន៤។
របៀបវារៈទាំង៤នោះ រួមមាន៖ ១-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធនឹងការងារចុះកាត់សំយាបដែលរំលោភលើចំណីផ្លូវ រៀបចំបណ្តាញលូររំដោះទឹក, ការងារក្មេងទំនើង, បញ្ហាចោរកម្ម ចោរលួច ចោរប្លន់ ចោរឆក់។ ២-ត្រៀមសម្រាប់កិច្ចប្រជុំ BLO (ថ្ងៃទី១ កញ្ញា ២០២៣) ពាក់ព័ន្ធនឹងការចាត់អ្នកចូលរួមប្រជុំ និងត្រៀមរបាយការណ៍សម្រាប់រាយការណ៍។
៣-ក្ដាប់របាយការណ៍តាម បណ្តារអង្គភាព និងការិយាល័យចំណុះ និង៤-បញ្ហាផ្សេងៗ។
ក្នុងកិច្ចប្រជុំនោះដែរ លោក គាត ហ៊ុល បានបញ្ជាក់ទៅកាន់អង្គប្រជុំទាំងមូលថា បញ្ហាចុះអនុវត្តទៅលើការកាត់សំយាប ស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានស្នើសុំគោលការណ៍ និងផ្នែកច្បាប់រួចរាល់អស់ហើយ រង់ចាំតែថ្ងៃកំណត់ចុះអនុវត្តតែប៉ុណ្ណោះ ហើយការចុះធ្វើនោះទៀតសោត មិនមានការយោគយល់នោះទេ ពោលគឺស្មើភាពគ្នាទាំងអស់ ដើម្បីទីក្រុងល្អ ស្អាត ឱ្យស័ក្តិសមជាឈ្មោះទីក្រុង។
លោក គាត ហ៊ុល ក៏បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ សូមមានការយោគយល់ និងចូលរួមទាំងអស់គ្នា ដើម្បីក្រុងរបស់ប៉ោយប៉ែតស្អាត។
លោក គាត ហ៊ុល បានបញ្ជាក់ទៀតថា ការចុះរៀបចំរបស់អាជ្ញាធរក្រុងនេះមិនមែនធ្វើដើម្បីអ្នកណាម្នាក់នោះទេ គឺធ្វើដើម្បីសង្គម និងមុខមាត់ប្រទេសជាតិយើងទាំងអស់គ្នា៕