(ភ្នំពេញ)៖ អាជីវករជាម្ចាស់ហាងចែកចាយស្រាបៀរ គ្រុឌ (Krud) មួយចំនួន ដែលកន្លងមកធ្លាប់បានហែកសំបកកេសស្រាបៀរ គ្រុឌ (Krud) ដកយកកំប៉ុងដែលមានរង្វាន់ និងធ្វើសកម្មភាពវេចខ្ចប់កេសស្រាបៀរឡើងវិញ រួមទាំងម្ចាស់ហាងមួយចំនួនទៀតដែលយកទៅលក់បន្តនូវផលិតផលដែលខុសប្រក្រតី និងស្តង់ដារបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានសារភាពទទួលកំហុស និងសន្យាថាបញ្ឈប់រាល់សកម្មភាពល្មើសខាងលើ ព្រមទាំងប្តេជ្ញាបន្តគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងមក មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យហាងចែកចាយស្រាបៀរ គ្រុឌ (Krud) ចំនួន១០ទីតំាង ដើម្បីធ្វើការត្រួតពិនិត្យផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលមានភាពមិនប្រក្រតី ដោយម្ចាស់ហាងបានធ្វើការចែកចាយ និងប្រព្រឹត្តនូវសកម្មភាពមិនត្រឹមត្រូវ តាមរយៈការហែកសំបកកេសស្រាបៀរ គ្រុឌ (Krud) ដកយកកំប៉ុងដែលមានរង្វាន់ ហើយធ្វើការវេចខ្ចប់ឡើងវិញខុសបច្ចេកទេស នាំឱ្យខូចសោភ័ណភាពនៃការវេចខ្ចប់ទ្រង់ទ្រាយដើមរបស់ក្រុមហ៊ុន ព្រមទាំងលក់ចេញវិញក្នុងតម្លៃទាបជាងទីផ្សារ។
បន្ទាប់ពីការចុះត្រួតពិនិត្យលើទីតាំងខាងលើរួចមក មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការកោះហៅម្ចាស់ហាងចែកចាយស្រាបៀរ គ្រុឌ (Krud) ទាំងនោះ ឱ្យចូលខ្លួនមកបំភ្លឺក្នុងករណីខាងលើនៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាលទ្ធផល ម្ចាស់ហាងចែកចាយស្រាបៀរ គ្រុឌ (Krud) មួយចំនួនបានទទួលស្គាល់ថាខ្លួនពិតជាបានទិញបន្តពីហាងដែលលក់ក្នុងតម្លៃទាបជាងទីផ្សារពិតមែន ប៉ុន្តែមិនបានធ្វើសកម្មភាពហែកសំបកកេស និងវេចខ្ចប់ឡើងវិញនោះទេ។
ដោយឡែក ម្ចាស់ហាងចែកចាយមួយចំនួនទៀតបានសារភាពកំហុសថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពហែកសំបកកេសស្រាបៀរ គ្រុឌ (Krud) ដកយកកំប៉ុងដែលមានរង្វាន់ ហើយធ្វើការវេចខ្ចប់ឡើងវិញ និងលក់ក្នុងតម្លៃទាបជាងទីផ្សារពិតប្រាកដមែន។ បន្ថែមពីនេះ មានបណ្តាហាងចែកចាយមួយចំនួនដទៃផ្សេងទៀត ដែលបានដឹងអំពីចំណាត់ការខាងលើនេះរបស់ក្រុមហ៊ុនក៏បានចូលខ្លួនមកសារភាព និងសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ផងដែរ រួមជាមួយម្ចាស់ហាងចែកចាយស្រាបៀរ គ្រុឌ (Krud) ទាំង១០ទីតាំង ដើម្បីធ្វើការប្រមូលយកផលិតផលស្រាបៀរ គ្រុឌ (Krud) ដែលមានបញ្ហាហែកសំបកកេសវេចខ្ចប់ឡើងវិញខុសស្តង់ដាត្រឡប់មកវិញទាំងអស់ ដើម្បីធានាថាគ្រប់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ដែលកំពុងចរាចរណ៍នៅលើទីផ្សារ សុទ្ធសឹងតែជាផលិតផលស្តង់ដាចេញពីក្រុមហ៊ុនដែលអាចទុកចិត្តបាន។
ជាងនេះទៅទៀត ម្ចាស់ហាងចែកចាយទាំងនោះបានធ្វើការសុំទោសដល់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ចំពោះសកម្មភាពល្មើសរបស់ខ្លួនបានប្រព្រឹត្តនាពេលកន្លងមក ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងសូមសន្យាថាឈប់ប្រព្រឹត្តសកម្មភាពល្មើសខាងលើតទៅទៀត រួមទាំងប្តេជ្ញាគាំទ្រគ្រប់ផលិតផលស្របច្បាប់ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក។
គួរបញ្ជាក់ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក គឺជាក្រុមហ៊ុនដែលរក្សាបាននូវគោលការណ៍ចម្បងសំខាន់ៗ រួមមាន៖ ការប្រកាន់ខ្ជាប់ស្តង់ដាបច្ចេកទេសផលិតផល គោរពបាននូវបទដ្ឋានស្តង់ដា និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ទៅលើអតិថិជនដែលជាអ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថតាមបណ្តាខណ្ឌនានា និងមេធាវីតំណាងឱ្យក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ និងចាត់វិធានការលើបណ្តឹងរបស់ក្រុមហ៊ុនបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឯ.ក ក៏បានទទូចសុំដល់ម្ចាស់ហាងលក់ភេសជ្ជៈបោះដុំ និងលក់រាយទាំងឡាយ សូមកុំឱ្យមានសកម្មភាពល្មើសបែបនេះកើតឡើងបន្តទៅទៀត ដើម្បីធានាបាននូវផលប្រយោជន៍របស់អតិថិជន៕