(ភ្នំពេញ)៖ ក្រៅពីការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រ និងការងារអាទិភាពមួយចំនួនដល់មន្ត្រីរាជការនៃក្រសួងទេសចរណ៍ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានប្រកាសដាក់ចេញចង្កោមការងារអាទិភាពចំនួន៣ធំៗផងដែរ ដើម្បីជាជំនួយក្នុងការសម្រេចនូវផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ចង្កោមការងារអាទិភាពទី១ ផ្ដោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចទេសចរណ៍៖

១. លើកកម្ពស់គុណតម្លៃរួមសា្ថប័ន «សាមគ្គីភាព សុចរិតភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព និងឧត្តមភាពការងារ» លើកកម្ពស់បរិយាកាសការងារនិងសេចក្ដីពេញចិត្តចំពោះការងារ ព្រមទាំងបង្កើនឱកាសទំនាក់ទំនងរវាងមន្រ្តី និងថ្នាក់ដឹកនាំ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការ។

២. កសាងមូលដ្ឋានគ្រឹះដើម្បីឧត្តមភាពការងារ រួមមាន ការកែលម្អបរិស្ថានការងារ ពង្រឹងសមត្ថភាព ជំនាញ និងទេព្យកោសល្យរបស់មន្ត្រី ជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់នូវវិធីសាស្ត្រ និងបច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការការងារ ដូចជាការលើកកម្ពស់ភាពច្នៃប្រឌិតនៃការគិត (Design Thinking) ឧបករណ៍ឌីជីថល និងបច្ចេកវិទ្យា។

៣. ចាត់វិធានការកែលម្អលើកម្មវិធី និងសកម្មភាពការងារបច្ចុប្បន្ន ដែលតម្រូវឱ្យមានអន្តរាគមន៍ដើម្បីស្តារ និងជំរុញប្រសិទ្ធភាព និងសមិទ្ធផលទៅតាមការរំពឹងទុក។

៤. ផ្តួចផ្តើមធ្វើបច្ចុប្បន្នភាព កែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត រចនាសម្ពន្ធ របៀបរបបការងារ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុឱ្យស្របតាមគោលដៅយុទ្ធសាស្ត្រ។

ចង្កោមការងារអាទិភាពទី២ ផ្ដោតលើការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍៖

១. ពង្រឹងនិងបង្កើនភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពរស់រវើក និងឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍ឱ្យបានទាន់ពេលវេលា។

២. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ការអភិវឌ្ឍផលិតផលនិងសេវាកម្មទេសចរណ៍ ការបណ្តុះបណ្តាលជំនាញវិជា្ជជីវៈទេសចរណ៍ ការសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនទេសចរណ៍ និងការអភិវឌ្ឍគោលដៅទេសចរណ៍នានាឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែងខ្ពស់។

ចង្កោមការងារអាទិភាពទី៣ ផ្ដោតលើការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឈានទៅសម្រេចឱ្យបានចក្ខុវិស័យរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម៖

១. ជំរុញការរៀបចំ និងអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥ គោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម៥ឆ្នាំ ២០២៣-២០២៨ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តក្រចេះ ២០២៣-២០៣៥ និងដាក់ឱ្យដំណើរការសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។

២. បង្កើនការទាញយកផលប្រយោជន៍ជាអតិបរមានៃវិស័យទេសចរណ៍ សំដៅបង្កើត និងពង្រីកការងារថ្មី ជំរុញឧត្តមភាពប្រកួតប្រជែងទេសចរណ៍, លើកកម្ពស់កិត្យានុភាពវប្បធម៌ និងប្រពៃណីជាតិឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយសុវត្ថិភាព និងផាសុកភាព។ បន្ថែមពីនេះត្រូវធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រង និងគាំទ្រដល់សកម្មភាពធុរកិច្ច និងបុគ្គលបម្រើការក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៣. បន្តអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជាស្អាត បៃតង និងចីរភាព ដើម្បីទាក់ទាញទេសចរអន្តរជាតិប្រមាណ៨លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់ នៅឆ្នាំ២០២៨។

៤. ពង្រឹងសមត្ថភាពសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍, ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងទេសចរណ៍ឌីជីថល, ជំរុញការទូតទេសចរណ៍, លើកកម្ពស់ការអភិវឌ្ឍផលិតផលនិងសេវាកម្មទេសចរណ៍ប្រកបដោយនវានុវត្តន៍ និងភាពច្នៃប្រឌិត ជាពិសេសការពង្រឹងគុណភាពសេវាកម្មទេសចរណ៍, ការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែមទៀត, ការសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនទេសចរណ៍។

៥. បន្តជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងរំហូរទេសចរអន្តរជាតិក្នុងការទស្សនាកម្ពុជាស្របនឹងការអប់រំលើកទឹកចិត្តប្រជាជនឱ្យយល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍
និងចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពទាក់ទាញ។

បើតាមលោករដ្ឋមន្ត្រី សុខ សូកេន ការប្រកាសដាក់ចេញចង្កោមការងារអាទិភាពចំនួន៣ធំៗនេះ គឺដើម្បីឱ្យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ការកសាងនិងការការពារមាតុភូមិ ២០២៣-២០២៨ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥» និង «អភិវឌ្ឍ៣» (BUILD plus 3Ds)។

គួរជម្រាបថា ការប្រកាសដាក់ចេញចង្កោមការងារអាទិភាពទាំងនេះដែរ គឺត្រូវបានធ្វើឡើងក្នុងពិធីពិធីសំណេះសំណាលរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបប្រមាណ៤០០នាក់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍៕