(កណ្ដាល)៖ គណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង បានប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពលោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង។
ក្នុងរបាយការរសាកមន៍របស់លោក អ៊ូច សៅវឿន ប្រធានគណបក្សស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅទូទាំងខេត្តកណ្តាល ស្រុកកណ្ដាលស្ទឹង សំឡេងគាំទ្រ ៥៨,៤៧២សំឡេង, សន្លឹកឆ្នោតបានការសរុប ៦៦,២៤២សន្លឹក ស្មើនឹង៨៨,២៧% (ចំណាត់ថ្នាក់លេខ១), ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត ៧៥,៧២១នាក់, ប្រជាពលរដ្ឋមកបោះឆ្នោត ៦៩,៨០៩នាក់, ចំនួនសមាជិកគណបក្សប្រជាជន ក្នុងប្រព័ន្ធ មានចំនួន ៦២,៥០៧នាក់។ ក្នុងនោះ ឃុំដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺឃុំរលាំងកែន, លេខ២ឃុំដើមឫស និងលេខ៣ ឃុំរកា។
បន្ទាប់ពីការតែងតាំងមន្ត្រីគណបក្សប្រចាំខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែនរួចមក, លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរ និងអំណរអរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីគណៈពង្រឹង មូលដ្ឋានស្រុកឃុំ ក៏ដូចជា សមាជិក សមាជិកា និងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលខិតខំប្រឹងប្រែងចំណាយធនធាន និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចបន្តការដឹកនាំប្រទេសជាតិ នានីតិកាលទី៧ នៃរដ្ឋសភានេះជាបន្តទៀត។
លោកបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ បានប្រកាសឲ្យអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ជាផ្លូវការហើយ។
ការប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណនេះ បន្ទាប់ពីក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា បាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។
តាមរយៈការប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គនីតិប្បញ្ញ អង្គតុលាការ ព្រមទាំងដៃគូអភិវឌ្ឍទ្វេភាគី និងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងជាន់រួមជាតិទាំងអស់ នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវបណ្តាវិធានការគោលនយោបាយ និងកម្មវិធីផ្សេងៗ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១នេះ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីអាជ្ញាធរ សមាជិក សមាជិកាគណបក្ស និងប្រជាជន ស្រុកកណ្តាលស្ទឹង បន្តចូលរួមចំណែកជាមួយគណបក្ស និងរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិតទៅទៀត។
ក្នុងឱកាសនោះ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានប្រគល់ជូនថវិកាជូន១៨ឃុំ ក្នុង១ឃុំៗ ថវិកា១០លានរៀល, អធិការ ១០លាន, កងរាជអាវុធហត្ថស្រុក ១០លាន, សឹករងស្រុក ៥លានរៀល, ប្រជាការពារក្នុង១ឃុំ ៣លានរៀល, គណបក្សស្រុក ១០លានរៀល សាលាស្រុក ១០លានរៀល៕