(កំពង់ឆ្នាំង)៖ បន្ទាប់ពីបានចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងអាណត្ដិទី៧ លោកសាស្ដ្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដនៅជុំវិញបឹងទន្លេសាប។
នៅថ្ងៃទីដំបូងនៃបេសកកម្ម លោករដ្ឋមន្ដ្រី បានអញ្ជើញចុះពិនិត្យមូលដ្ឋានសុខាភិបាល នៅក្នុងខេត្ដកំពង់ឆ្នាំង ដោយមានមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មណ្ឌលសុខភាពសាលាលេខ៥ មណ្ឌលសុខភាពតាជេស និងមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង។
នៅរសៀលថ្ងៃដដៃលនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ សុខាភិបាលខេត្ដកំពង់ឆ្នាំងទាំងអស់ ដែលប្រពឹ្រត្ដិទៅនៅមន្ទីរសុខាភិបាលខេត្ដកំពង់ឆ្នាំង។
ក្នុងដំណើរបេសកកម្មរបស់លោកសាស្ដ្រាចារ្យ រដ្ឋមន្ដ្រីសុខាភិបាល ក្នុងឱកាសនេះផងដែរ ដើម្បីពិនិត្យមើលការរីកចម្រើន និងវឌ្ឍនភាពផ្សេងទៀត រួមទាំងបញ្ហាប្រឈមនានា ដែលមាននៅក្នុងខេត្ដកំពង់ឆ្នាំង ដើម្បីពិនិត្យលទ្ធភាព ក្នុងការជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ កាន់តែធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ប្រកបដោយសមធម៌។ ជាពិសេសការបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានភាពងាយស្រួល ក្នុងទទួលសេវាថែទាំសុខភាព កាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរ លោកសាស្ដ្រាចារ្យ ឈាង រ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមសហការជាមួយវិស័យសុខាភិបាល ដើម្បីធានាបានក្នុងការផ្ដល់សេវាសុខាភិបាល ប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋ។
គួសរម្លឹកថា ក្នុងឱកាសចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅខេត្ដកំពង់ឆ្នាំងខាងលើនេះ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ជាអ្នកជំងឺ និងគ្រួសារអ្នកជំងឺប្រកបដោយភាពស្និទស្នាល និងផ្ដល់ភាពកក់ក្ដៅ ជូនគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ។ លើសពីនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា ក៏ទទួលបានការស្វាគមន៍ និងក្ដីស្រលាញ់ពេញចិត្ដយ៉ាងខ្លាំង ពីមន្ដ្រីបុគ្គលិក និងប្រជាពលរដ្ឋផងដែរ។
សូមជម្រាបថា បន្ទាប់ពីការសំណេះសំណាលជាមួយនឹងមន្ដ្រីសុខាភិបាល នៅខេត្ដកំពង់ឆ្នាំង លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី នឹងបន្ដដំណើរទៅកាន់ខេត្ដពោធិ៍សាត់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ និងបេសកកម្មការងារ ជាបន្ដបន្ទាប់ទៀត៕