(ភ្នំពេញ)៖ យ៉ាងហោចមាន «សសរស្តម្ភយុទ្ធសាស្ត្រចំនួន៥» និង «ការងារគាំទ្រជាអាទិភាពចំនួន៣» ត្រូវបានដាក់ចេញលើកដំបូងបង្អស់ក្នុងពេលចូលកាន់តំណែងរបស់លោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែមានវឌ្ឍនភាពតទៅមុខ និងសម្រេចបានកំណើនទេសចរអន្តរជាតិ និងជាតិតាមការគ្រោងទុក។
ការប្រកាសអំពីផែនការយុទ្ធសាស្ត្រទាំងនេះត្រូវបានធ្វើឡើងក្នុងពិធីពិធីសំណេះសំណាលរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបប្រមាណ៤០០នាក់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ លោករដ្ឋមន្ត្រី សុខ សូកេន បានលើកឡើងថា ក្រសួងទេសចរណ៍ក៏នៅមានភារកិច្ចចាំបាច់ និងបន្ទាន់មួយចំនួនទៀតដែលត្រូវបន្តអនុវត្តក្នុងចក្ខុវិស័យអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា សំដៅធ្វើឱ្យកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពទាក់ទាញសម្បូរបែប។
លោករដ្ឋមន្ត្រីបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែមានវឌ្ឍនភាពតទៅមុខ និងសម្រេចបានកំណើនទេសចរអន្តរជាតិនិងជាតិ តាមការគ្រោងទុកនៅឆ្នាំខាងមុខៗទៀត។ លោកបានហៅគំនិតផ្តួចផ្តើមថ្មី ឬផែនការយុទ្ធសាស្ត្រទាំងនោះថា «សសរស្តម្ភយុទ្ធសាស្ត្រទាំង៥ ឬបង្កើន៥-BUILD» និង «ការងារគាំទ្រជាអាទិភាពចំនួន៣ ឬអភិវឌ្ឍ៣-3Ds»។
ចំពោះសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ឬបង្កើន៥-BUILD លោករដ្ឋមន្ត្រី សុខ សូកេន បានបញ្ជាក់លម្អិតតាមចំណុចនីមួយៗដូចតទៅ៖
ទី១. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា (Brand Management) ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ។
ទី២. បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជា (Unique Selling Point Marketing Promotion) ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅអាទិភាព និងពិភពលោកទាំងមូលចាប់អារម្មណ៍មកទស្សនាកម្ពុជា។
ទី៣. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរឹងនិងទន់ (Inbound Design Quality Travel) សំដៅ៖ ១) កាត់បន្ថយរាល់បញ្ហាទាំងឡាយដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ទេសចរ, ២) បំពេញតម្រូវការទេសចរតាមរយៈការលើកកម្ពស់គុណភាពនៃការធ្វើដំណើរ និង ៣) ជំរុញគុណភាពនៃការធ្វើដំណើរដល់គោលដៅឱ្យស្របតាមស្តង់ដាអន្តរជាតិ។
ទី៤. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ (Leverage on Endowment and Diversification) ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ/ភាពជាខ្មែរ ជាពិសេសត្រូវពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ «សេវាមួយ ស្តង់ដាមួយ» តាមរយៈការដាក់ចេញនិងការអនុវត្តស្តង់ដាបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់អាស៊ាន សំដៅបន្តធ្វើពិពិធកម្មផលិតផលទេសចរណ៍ រួមទាំងការអភិវឌ្ឍប៉ូលទេសចរណ៍អាទិភាព និងការបង្កើតច្រករបៀងទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់ទីផ្សារគោលដៅអាទិភាព និងពិភពលោក។
ទី៥. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ (Develop Competitive Tourism Sites and Resources) សំដៅបន្តអភិវឌ្ឍ និងធ្វើពិពិធកម្មធនធាន និងគោលដៅទាក់ទាញទេសចរណ៍ ដូចជាការបង្កើតនិងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ ស្របតាមគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ការជំរុញភាពទាក់ទាញទេសចរណ៍ និងការវិនិយោគ។
ដើម្បីគាំទ្រនិងជំរុញការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រទាំង៥ខាងលើ គឺត្រូវផ្ដោតលើការងារគាំទ្រជាអាទិភាពចំនួន៣ទៀត ដែលលោករដ្ឋមន្ត្រីហៅកាត់ថា អភិវឌ្ឍ៣-3Ds ដោយមានការបញ្ជាក់លម្អិតដូចតទៅ៖
ទី១. អភិវឌ្ឍរចនាសម្ពន្ធស្ថាប័ន និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ ដោយរាប់ទាំងការគិតគូរដល់ការរៀបចំបង្កើតក្រុមប្រឹក្សាជាតិទេសចរណ៍ និងការពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMOs) តាមរាជធានី-ខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ ដោយបង្កើនកិច្ចសហការភាពជាដៃគូរវាងរដ្ឋនិងឯកជន និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានា។
ទី២. អភិវឌ្ឍបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលនីយកម្ម (Digitization) ឌីជីថលូបនីយកម្ម (Digitalization) និងបរិវត្តកម្មឌីជីថល (Digital Transformation)។
ទី៣. អភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និងសីលធម៌សម្រាប់បុគ្គលិក-និយោជិត និយោជក និងន្ត្រីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ធ្វើយ៉ាងណាធានាបានថាបុគ្គលិកម្នាក់មានជំនាញមួយ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាអាស៊ាន ព្រមទាំងលើកកម្ពស់សុខុមាលភាពមន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាបន្ន។
លោករដ្ឋមន្ត្រី សុខ សូកេន បានបញ្ជាក់បន្ថែមថា សសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ និងការងារគាំទ្រជាអាទិភាពចំនួន៣នេះ នឹងដើរតួជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មីក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីក្រសួងទេសចរណ៍គ្រប់លំដាប់ថ្នាក់ និងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធទាំងថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពសុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ដែលមានតួនាទីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
គួរជម្រាបថា ក្រសួងទេសចរណ៍មានចក្ខុវិស័យធំៗ គឺនៅឆ្នាំ២០២៥ ទាក់ទាញទេសចរអន្តរជាតិ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ ទាក់ទាញទេសចរអន្តរជាតិ៧លាននាក់ ជាមួយទេសចរជាតិ១៧លាននាក់។ នៅឆ្នាំ២០២៨ កម្ពុជាក៏មានចក្ខុវិស័យទាក់ទាញទេសចរអន្តរជាតិប្រមាណ៨លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់៕