(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយរបស់ខ្លួន សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងចំនួនពីរគឺ៖
ទី១៖ រក្សា និងថែបំប៉នសុខ សន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និង ពូនជ្រុំចលនការ នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។
ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០, ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធន់ នៃវិស័យមូលធនមនុស្ស និងសង្គម និងភាពធន់នៃវិស័យបរិស្ថាន និងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសរំលេចថា «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ដំណាក់កាល។
យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ,ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។
ខាងក្រោម គឺជាសេចក្តីលំអិតនៃការងារក្នុងបញ្ចកោណទាំង៥៖
+ បញ្ចកោណទី១៖ ការអភិវឌ្ឍន៍មូលធនមនុស្ស ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការ អាទិភាពចំនួន៥គឺ៖
១៖ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា, ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត, ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា (STEAM) និងការពង្រឹងការអប់រំកាយ និងកីឡា។
២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, ការបង្កើនការចុះឈ្មោះចូលរៀន, ការរៀបចំជំនាញឡើងវិញ និងការបង្កើនជំនាញ (Reskilling and Upskilling), ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ ការដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នារវាង ការបណ្តុះបណ្តាល និង តម្រូវការ, ទាំងប្រភេទ និងគុណភាពជំនាញ និងការពង្រឹងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត ដែលត្រូវបានដាក់ចេញ។
៣៖ ការលើកកម្ពស់ សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលពីជំងឺមិនឆ្លងចម្បងៗ, ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា, ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបដិវត្តកម្ម និងអភិបាលកិច្ច ក្នុងវិស័យសុខាភិបាល, ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ, ការបន្តពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ការលើកកម្ពស់សមត្ថភាពជំនាញ, ការលើកកម្ពស់កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ប្រជាជនតាមសហគមន៍។
៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព, ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀង ដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» និងដោយគោរពតាមអភិក្រមចំនួន៤រួមមាន៖ ទី១) ចីរភាពនៃកម្មវិធី, ទី២) លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ, ទី៣) ការធានា បរិយាប័ន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋ លើគ្រួសារក្រីក្រ គ្រួសារ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ និង ទី៤) ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធ គាំពារសង្គម តាមរយៈការអភិវឌ្ឍប្រព័ន្ធ។
៥៖ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាប័ន្ន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើពលភាវូបនីយកម្ម ពលរដ្ឋ (People Revitalization) ឱ្យមានសមត្ថភាព ផលិតភាព សីលធម៌ គុណធម៌ ចរិយាធម៌ ភាពអំណត់ សុចរិតភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ និងការលើកកម្ពស់ស្មារតី និងមនសិការស្នេហាជាតិ ការពារជាតិ ឯកភាពជាតិ ការចេះយកអាសារគ្នា ការចែករំលែក ការចូលរួម គុណតម្លៃសង្គម និងស្មារតីគោរពច្បាប់ ស្រឡាញ់សន្តិភាព ក៏ដូចជាស្រឡាញ់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អំពើល្អ និងយុត្តិធម៌ សំដៅធានាបាននូវសិនិទ្ទភាពសង្គម (Social Cohesion) និងសុខដុមរមនាសង្គម។
+ បញ្ចកោណទី២៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖
១៖ ការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការពង្រីក និងការធ្វើពិពិធកម្ម មូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនតម្លៃបន្ថែមក្នុងវិស័យគន្លឹះដែលមានស្រាប់ និងការអភិវឌ្ឍប្រភពថ្មីនៃកំណើន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន និង ការពង្រឹងភាពធន់នឹងវិបត្តិ។
២៖ ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក, វិស័យថាមពល, វិស័យទឹកស្អាត និង វិស័យឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និង ការកសាង និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
៣៖ ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្ដោតលើ ការបន្តកែលម្អបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈ ការសម្រួល និងការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល, ការពង្រឹង សមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។
៤៖ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម, សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការប្រមូលផ្តុំ និង ការអភិវឌ្ឍបណ្ដាញ ផលិតកម្ម ឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែង នៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក, លើកកម្ពស់ផលិតកម្ម និងការកែច្នៃ សម្រាប់នាំចេញ និងជាពិសេស គាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។
៥៖ ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការរៀបចំ និងការកែលម្អ ក្របខ័ណ្ឌ និងយន្តការហិរញ្ញប្បទាន និងការធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុ ដែលធានាបានសន្ទនីយភាព (Liquidity) ក្នុងទីផ្សារ និងជម្រើសហិរញ្ញប្បទានសម្រាប់ ការវិនិយោគ សំដៅរួមចំណែកជំរុញការវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
+ បញ្ចកោណទី៣៖ ការអភិវឌ្ឍវិស័យឯកជន និងការងារ ដែលក្នុងនេះ រាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖
១៖ ការអភិវឌ្ឍទីផ្សារការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការអភិវឌ្ឍទីផ្សារការងារ តាមរយៈការបង្កើត, ការរក្សា និងការបង្កើនការងារដល់កម្មករ-និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
២៖ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តជំរុញការអភិវឌ្ឍបរិយាកាសអំណោយផល ដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់, ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ។
៣៖ ការពង្រឹងភាពជាដៃគូ វិស័យសាធារណៈ និងវិស័យឯកជន ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្តការមិនអាចខ្វះបាន និងមានប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និងកំណើន, និងការបន្តពង្រឹងការគ្រប់គ្រងហានិភ័យនៃកាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៤៖ ការពង្រឹងការប្រកួតប្រជែង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តជំរុញការប្រកួតប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព, គ្មានការរើសអើង, តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅរួមចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មីៗ និងការបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា។
៥៖ ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ ឱ្យកាន់តែមានស័ក្តិសិទ្ធភាព, ភាពធន់នឹងវិបត្តិ, បរិយាប័ន្ន, ពិពិធភាព និងភាពទំនើប តាមរយៈការបន្តអភិវឌ្ឍក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាព ស្ថាប័ន និង អក្ខរកម្មហិរញ្ញវត្ថុ, និង លើកស្ទួយឌីជីថលភាវូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ។
+ បញ្ចកោណទី៤៖ ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖
១៖ ការធ្វើបរមភាវូបនីយកម្ម (Optimization) ផលលាភប្រជាសាស្ត្រ, ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្ដោតលើការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីផលលាភប្រជាសាស្ត្រ និងការពង្រឹងភាពធន់ប្រជាសាស្ត្រ ដោយបន្តជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការងារដឹកនាំ។
២៖ ការគ្រប់គ្រងធនធានធម្មជាតិ, បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ ប្រកបដោយចីរភាព ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការអភិរក្សដើម្បីការអភិវឌ្ឍ សំដៅលើកកម្ពស់វិភាគទានកិច្ចការនេះ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍, ការពង្រឹងការគ្រប់គ្រងធនធានរ៉ែ, ការធានាចីរភាពធនធានព្រៃឈើ ជលផល និង គុណភាពដី, ព្រមទាំងការការពារ ការអភិវឌ្ឍ និងការទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីបេតិកភណ្ឌ វប្បធម៌ និង ទេសចរណ៍ ប្រកបដោយចីរភាព។
៣៖ ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង សុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ។
៤៖ ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានគោលដៅ យុទ្ធសាស្ត្រផ្តោតលើការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីៗបន្ថែម នៅតាមបណ្តារាជធានី-ខេត្ត, ការបង្កើតសួនសាធារណៈ និង ឧទ្យានបៃតង, និង ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដើម្បីធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខុមាលភាព សម្រាប់ការរស់នៅ និង ប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
៥៖ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និងការចូលរួមចំណែក ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។
+ បញ្ចកោណទី៥៖ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនេះ រាជរដ្ឋាភិបាលបន្ត ផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖
១៖ ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្ដោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរាជរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាជន និង វិស័យឯកជន, និង ការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ។
២៖ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យសេដ្ឋកិច្ច, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startups), ការជំរុញការធ្វើ បរិវត្តកម្មឌីជីថលសហគ្រាស, ការជំរុញការអភិវឌ្ឍខ្សែច្រវាក់ឌីជីថល និងពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក, និងការជំរុញការកសាង និងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ឌីជីថល ដើម្បី សម្រួលធុរកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច។
៣៖ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាង និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួមមាន៖ ការតភ្ជាប់ ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងក្លោដ ឬ មជ្ឈមណ្ឌលទិន្នន័យ សំដៅពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃបណ្តាញតភ្ជាប់ឌីជីថល, ការចែករំលែកព័ត៌មាន និងការផ្តល់សេវាទូរគមនាគមន៍។
៤៖ ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត ផ្ដោតលើការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងយន្តការស្ថាប័នសន្តិសុខ ឌីជីថល និងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខឌីជីថល ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយ។
៥៖ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយចាប់យកកាលានុវត្តភាព និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨៕
សូមចុចអាន៖ https://t.me/freshnewsasia/150322
</p