(តាកែវ)៖ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងគោលបំណងធានានូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ លោក ស្វាយ ស៊ីថា បានចាត់ទុកបញ្ហាគ្រឿងញៀន ល្បែងស៊ីសង បងតូចបងធំ និងបញ្ហាចោរកម្ម គឺជាការងារអាទិភាពនិងជាកង្វល់ដ៏ធំបំផុត ដែលសមត្ថកិច្ចមូលដ្ឋានត្រូវតែមាន វិធានការឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាបង្ក្រាប ទប់ស្កាត់ និងលុបបំបាត់ឲ្យអស់។ បន្ថែមពីលើនេះ លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា ធ្វើជាមន្ត្រីល្អ គប្បីមន្ត្រីគ្រប់រូបត្រូវតែបំរើប្រជាពលរដ្ឋដោយស្មោះសបំផុត។
ការជំរុញ និងលើកទឹកចិត្តឲ្យមន្ត្រីបំពេញតួនាទីរបស់ខ្លួន ដោយការទទួលខុសត្រូវដើម្បីជាទំនុកចិត្តរបស់ប្រជាពលរដ្ឋយ៉ាងដូចនេះ ខណៈលោកជួបសំណេះ សំណាលនៅក្នុងវេទិកាសាធារណៈមួយក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ ដែលមានការចូលរួមពីលោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ អភិបាលស្រុកបាទី មេភូមិទាំង១៣ ក្រុមការងារសម្ព័ន្ធយុវជនកម្ពុជាក្នុងឃុំ និងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន សរុបប្រមាណជាង៣០០នាក់។
លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំកុមារាជា បានមានប្រសាសន៍ថា «ដាច់ខាតមិនត្រូវទុកបញ្ហាអសកម្មមួយចំនួន របស់សមត្ថកិច្ចក្នុងមូលដ្ឋាន ដែលមិនបានផ្តល់នូវសេវា សាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយទុកឲ្យប្រជាពលរដ្ឋ រស់នៅដោយការភ័យខ្លាចពីសន្តិសុខ សុវត្ថិភាពនោះទេ»។ លោកបានបន្តថា បើភូមិឃុំកើតមាននូវ បញ្ហាចោរកម្ម គ្រឿងញៀន បងតូចបងធំ និងល្បែងស៊ីសង នោះហើយដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងយុវជនក្នុងឃុំ។
លោក ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា លោកបានទទួលនូវរបាយការណ៍ជាបន្តបន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជាប្រចាំ ពីប្រជាពលរដ្ឋ ជាពិសេសយុវជនថា បញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈមនោះ គឺបានកើតឡើងដោយសារកំសោយរបស់សមត្ថកិច្ចមូលដ្ឋាន ដែលមិនបានបំពេញការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ហើយមិនត្រឹមតែប៉ុណ្ណោះទេ មន្ត្រីមួយចំនួនក្នុងឃុំ ក៏មានជាប់ពាក់ព័ន្ធនឹងមុខសញ្ញាជនល្មើសគ្រឿនញៀនផងដែរ ទើបបណ្តាលឲ្យបញ្ហាមួយចំនួនដោះស្រាយមិនមានប្រសិទ្ធភាពនោះទេ។ លោកបានអះអាងថា ប្រជាពលរដ្ឋមួយចំនួន នៅពេលមានការទៅពឹងពាក់សមត្ថកិច្ច គឺពិបាកនឹងទាក់ទង ហើយមានពេលខ្លះទៅរកដល់ប៉ុស្តិ៍នគរបាល មិនឃើញមន្ត្រីប្រចាំការ ឬកើតមានរឿងមិនប្រក្រតីអ្វីមួយ សមត្ថកិច្ចមិនអើពើជួយដោះស្រាយ ឲ្យបានទាន់ពេលវេលាឡើយ នេះគឺជាកង្វល់ដែលលោកជំរុញឲ្យមន្ត្រីគ្រប់រូបត្រូវតែបញ្ចប់នូវភាពអសកម្មទាំងនេះជាបន្ទាន់។
លោក ស្វាយ ស៊ីថា ក៏បានឲ្យដឹងផងដែរថា កន្លងមកក្រុមការងារថ្នាក់ជាតិបានចុះបិទផ្សព្វផ្សាយនៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋនូវតម្លៃសេវាសាធារណៈដែលរដ្ឋបានកំណត់ ជៀសវាងការយកកម្រៃក្រៅផ្លូវការ ដែលជាការគាបសង្កត់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ក្នុងឃុំកុមារាជា ក៏បានចុះធ្វើកម្រងសំនួរនានាផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងឃុំ ដើម្បីដឹងពីកង្វល់ តម្រូវការជាក់ស្តែង ជាពិសេសបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងចូលរួមរិះរកលទ្ធភាព ជួយដោះស្រាយការលំបាកជាច្រើន និងខិតខំប្រឹងអភិវឌ្ឍក្នុងឃុំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ក្នុងវេទិកាសាធារណៈនេះដែរ ក្រៅពីការត្រួតពិនិត្យការងារដែលក្រុមការងារថ្នាក់ជាតិបានចុះជួយប្រជាពលរដ្ឋកន្លងមក និងលើកនូវទិសដៅអនុវត្តការងារបន្ត លោក ស្វាយ ស៊ីថា ក៏បានរំលឹកផងដែរថា ការបរិច្ចាគប្រាក់ខែដោយស្ម័គ្រចិត្ត១ខែ របស់មន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនាពេល កន្លងមកនោះ គឺស្រះទឹកក្នុងឃុំចំនួន៩ហើយ ត្រូវបានស្តាររួច ក្នុងចំណោមភូមិទាំង១៣ ហើយស្រះដែលនៅសេសសល់នឹងបន្តស្តារឲ្យរួចរាល់នៅពេលខាងមុខ ដោយសារបច្ចុប្បន្នរដូវភ្លៀងធ្លាក់ពិបាកក្នុងការស្តារ។
ក្រៅពីនេះ លោក ស្វាយ ស៊ីថា ក៏បានប្រកាសឲ្យក្រុមការងារ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវខិតខំបំរើប្រជាពលរដ្ឋឲ្យសកម្ម ដូចជា សម្រួលការងារធ្វើ អត្តសញ្ញាណប័ណ្ណ ធ្វើអត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ សំបុត្រកំណើតជាដើម និងបានជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត សូមត្រៀមខ្លួនដើម្បីទៅចុះឈ្មោះបោះឆ្នោតកុំបីអាក់ខាន ហើយដើម្បីឲ្យការងារនោះធានាបាននូវប្រសិទ្ធភាព សូមឲ្យមន្ត្រីទាំងអស់លះបង់ពេលវេលា ក្នុងការបំរើជូនប្រជាពលរដ្ឋដោយមិនត្រូវស្ពិកស្រពន់ឡើយ។
បន្ទាប់ពីបញ្ហាអសកម្មមួយចំនួនត្រូវបានលើកឡើងក្នុងវេទិកា សមត្ថកិច្ចក្នុងនោះមានទាំង អភិបាលស្រុក អធិការរងនគរបាលស្រុកបាទី ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលឃុំកុមារាជា នៃស្រុកបាទី បានប្តេជ្ញានឹងពង្រឹងការផ្តល់សេវាសាធារណៈ ក៏ដូចជាការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងដើម្បីភូមិឃុំមានការអភិវឌ្ឍ និងសន្យាថា មិនឲ្យប្រជាពលរដ្ឋភ័យព្រួយបារម្ភតទៅទៀតទេ។
ក្នុងឱកាសនោះ លោក សុខ ពុទ្ធិវុធប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ការងារមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ដល់យុវជនក្នុងការបន្តវេនប្រកបដោយគុណភាព និងប្រសិទ្ធភាពឆ្ពោះទៅរកជោគជ័យក្នុងជីវិតម្នាក់ៗផងដែរ។
គ្រាន់តែរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមការងារថ្នាក់ជាតិ បានចុះជួប និងដោះស្រាយបញ្ហាមួយចំនួនជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ វត្តអារាម ប្រឡាយទឹក ទ្វារទឹក ធ្វើផ្ទះជួនជនក្រីក្រ ឧបត្ថម្ភដល់ចាស់ជរា ចូលរួមវិស័យសាសនា សង្គម និងលើការងារអភិវឌ្ឍនានាក្នុងឃុំ ដោយចំណាយថវិកា អស់ចំនួនជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ។
ដើម្បីរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានប្រកាសរួមចំណែកឧបត្ថម្ភសម្ភារៈ និងសម្លៀកបំពាក់ជូនដល់ប្រជាការពារសម្រាប់ភូមិចំនួន៥ ក្រៅពីនេះលោក ឌិន សំអាត ប្រធានសហព័ន្ធសហជីពពលកម្មកម្ពុជា និងលោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ ក៏បានជួយបំពាក់សម្ភារៈដល់ប្រជាការពារចំនួនពីរភូមិផងដែរ។
ម៉្យាងវិញទៀត ដើម្បីត្រៀមចូលរួមអបអរសាទរទិវាថ្ងៃជ័យជំនៈ ៧មករា ឆ្នាំ២០១៧ខាងមុខ លោក សុខ ពុទ្ធិវុធ ក៏នឹងជួយឧបត្ថម្ភសម្ភារៈ និងសម្លៀកបំពាក់កីឡាដល់ក្រុមបាល់ទាត់ នៃយុវជនចំនួន៥ភូមិ បន្ថែមលើក្រុមកីឡា៤ភូមិដែលបានបង្កើតហើយ និងប្រកួតគ្នាដណ្តើមពានរង្វាន់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ នៅពេលខាងមុខនោះផងដែរ។
បន្ទាប់ពីជួបសំណេះសំណាលក្នុងវេទិកាសាធារណៈរួចហើយនោះ លោក ស្វាយ ស៊ីថា តំណាងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងក្រុមការងារ ក៏បានចុះទៅពិនិត្យទីតាំងផលិតទឹកស្អាតរបស់យុវជនក្នុងឃុំ ហើយដែលលោក សុខ ពុទ្ធិវុធ ក៏បានរួមចំណែកឧបត្ថម្ភថវិកាមួយចំនួនផងដែរ ក្នុងការផលិតទឹកស្អាតរបស់យុវជន។ ទឹកស្អាតយុវជន បានដំណើរការលក់ចែកជូនប្រជាពលរដ្ឋក្នុងឃុំក្នុងតម្លៃថោកសមរម្យ ហើយម៉្យាងទៀត ក៏បង្កើតបាននូវ ការងារជូនយុវជនក្នុងឃុំ ជៀសវាងពីការសេព និងប្រើប្រាស់គ្រឿងញៀនផងដែរ។
បន្ទាប់មកក្រុមការងារថ្នាក់ជាតិបានចុះទៅពិនិត្យទីតាំងស្រះមួយចំនួនដែលបានស្តារហើយ និងមិនទាន់ស្តារ ជាមួយគ្នានោះ លោក ស្វាយ ស៊ីថា ក៏បានជួបសួរ សុខទុក្ខផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងឃុំ ហើយក្រុមការងារ ប្រជាពលរដ្ឋ សមត្ថកិច្ច និងយុវជនក្នុងឃុំ ក៏បានរួមគ្នាពិសារអាហារសាមគ្គី ក្នុងបរិយាកាសរីករាយស្និទ្ធស្នាលជាទីបំផុត៕