(ព្រះសីហនុ)៖ សិក្ខាកាមមកពីសាកលវិទ្យាល័យជាតិបាត់ដំបងជាង៦០នាក់ ចុះទស្សនកិច្ចសិក្សានៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមពីការសាងសង់ និងបច្ចេកវិទ្យាថ្មីចុងក្រោយ MABR ដោយមានការធ្វើបទបង្ហាញពីអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ និងជាវិស្វករជនជាតិខ្មែរដ៏ឆ្នើមមួយរូប។
លោក លី រិទ្ធ ជាអគ្គនាយកក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD បានធ្វើបទបង្ហាញដោយផ្ទាល់នៅទីតាំងស្ថានីយទី៣ ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានប្រមាណជាង២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ Membrane Aerated Biofilm Reactor (MABR)។
លោកអគ្គនាយកបានបន្តថា សមិទ្ធផលទាំងអស់បានលេចរូបរាងឡើងនៅពេលនេះ គឺមិនមែនជាភាពចៃដន្យនោះទេ គឺកើតចេញពីការប្រឹងប្រែងការងារជារួម ទាំងកម្លាំងកាយចិត្ត បទពិសោធន៍ចំណេះជំនាញ ឆ្លងកាត់ការយកចិត្តទុកដាក់ខ្ពស់ដោយក្រុមការងារ XWater ដែលជាវិស្វករកូនខ្មែរ។
លោកបានបញ្ជាក់ថា តាមរយៈបទពិសោធន៍ការសាងសង់អាងប្រព្រឹត្តកម្មទាំង៣ទីតាំងនេះរួចមក កត់សម្គាល់ឃើញថា សមត្ថភាព និងស្មាដៃរបស់កូនខ្មែរមិនចាញ់បរទេសនោះទេ អាចប្រកួតប្រជែងលើឆាកអន្តរជាតិទៅថ្ងៃមុខបានថែមទៀតផង ទាំងគុណភាព តម្លៃសាងសង់ជាដើម។
លោក លី រិទ្ធ បានណែនាំលើកទឹកចិត្តដល់និសិ្សតកំពុងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល និងបច្ចេកវិទ្យាព័ត៌មានមកពីសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យខិតខំប្រឹងប្រែងសិក្សាស្វែងយល់ឱ្យកាន់តែច្រើនបន្ថែមទៀត លើជំនាញរបស់ខ្លួនដែលកំពុងតែចាប់យកនេះ ស្របពេលខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មចំនួន៣កន្លែងដែលកំពុងដាក់ឱ្យដំណើរការ ពោលគឺសុទ្ធតែជាស្នាដៃរបស់វិស្វករកូនខ្មែរ។
ក្រុមនិសិ្សតនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឃើញពីប្រសិទ្ធភាពដ៏ខ្ពស់របស់បច្ចេកវិទ្យា MABR ក្នុងការបំបែកសារធាតុពុលត្រឹមរយៈពេលខ្លី និងសន្សំសំចៃថាមពលអគ្គិសនី។ ពួកគេកោតសរសើរថា បច្ចេកវិទ្យានេះពិតជាសមស្របសម្រាប់តំបន់ឆ្នេរទេសចរណ៍ ដូចក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា ស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានចាប់ផ្តើមការសាងសង់ឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយចាប់ដំណើរការចម្រោះនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕