(កំពង់ចាម)៖ ដោយមានការគាំទ្រ និងផ្ដល់ទីតាំងដ៏សមរម្យពីសំណាក់រដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរស្រុកផងនោះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទក្នុងខេត្តកំពង់ចាមកំពុងសាងសង់មជ្ឈមណ្ឌលវិបស្សនាធុរៈដ៏ធំមួយកន្លែង នៅចំណុចទួលសម្បូរ ស្ថិតក្នុងភូមិផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ សម្រាប់ឱ្យប្រជាពលរដ្ឋអាចធ្វើការសិក្សា និងអប់រំចិត្ត។

ព្រះរតនសត្ថា សែម សុវាសនា ប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកំពង់ចាម និងជាព្រះគ្រូចៅអធិការវត្តផ្ទះកណ្ដាល មានសង្ឃដីកាថា បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ចាមមានមណ្ឌលវិបស្សនាចំនួន២៥ ខណៈនៅវត្តផ្ទះកណ្ដាលត្រូវបានយកធ្វើជាមជ្ឈមណ្ឌលវិបស្សនាធំជាងគេ ប៉ុន្តែមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទដែលចង់បដិបត្តិនូវអប់រំចិត្ត ទើបធ្វើឲ្យមានការកសាងនូវទីតាំងថ្មី និងធំជាងមុន។

ព្រះអង្គមានសង្ឃដីកាបន្តថា មជ្ឈមណ្ឌលវិបស្សនាធុរៈនេះនឹងមានកសាងនូវចូឡាមុនីចេតិយមានកម្ពស់៥ជាន់ ដែលជាទីតាំងសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទធ្វើវិបស្សនាកម្មដ្ឋាន ក្រៅពីនោះនឹងមានការកសាងនូវអគារជាច្រើនខ្នងទៀត ដើម្បីបម្រើដល់ការងារសិក្សាអប់រំចិត្តនេះ តែយ៉ាងណាការកសាងនេះក៏អំពាវនាវផងដែរដល់សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាង ព្រោះថវិកាត្រូវចំណាយនៅខ្វះខាតច្រើនទៀត។

លោក ស៊ន ផល្លា ប្រធានការិយាល័យសង្គមកិច្ចលើវិស័យធម្មការ និងសាសនាស្រុកស្រីសន្ធរ លើកឡើងថា ចំពោះគម្រោងនេះ រដ្ឋបាលខេត្ត អាជ្ញាធរស្រុក និងមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋាន រួមទាំងពុទ្ធបរិស័ទក្នុងស្រុកនេះ មានការគាំទ្រយ៉ាងខ្លាំង ហើយក៏បានមានការខិតខំចូលរួមកសាងទៅតាមលទ្ធភាពជាបន្តបន្ទាប់។

គួរបញ្ជាក់ថា វត្តផ្ទះកណ្ដាលកំពុងក្លាយជាមជ្ឈមណ្ឌលវិបស្សនាធុរៈកណ្ដាលសម្រាប់ខេត្តកំពង់ចាម ដែលតែងមានព្រះសង្ឃ និងពុទ្ធបរិស័ទ ទៅបដិបត្តិវិបស្សនាកម្មដ្ឋានមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែដោយសារទីតាំងមានភាពចង្អៀត មិនអាចឆ្លើយតបទៅនឹងការមកធ្វើធម៌របស់បរិស័ទ ទើបមានបង្កើតបន្ថែមនៅទីតាំងថ្មីនេះ ដែលមានផ្ទៃដីប្រមាណជាង១០ហិកតា៕