(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យ លោក YAMANA, Hiroo នាយកជាន់ខ្ពស់ផ្នែកផ្សព្វផ្សាយ នៃទូរទស្សន៍ NHK ជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារទាក់ទងទៅនឹងដំណើរការត្រៀមរៀបចំ ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នាសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួតប្រជែង រ៉ូបូតថ្នាក់អន្តរជាតិ ( ABU ROBOCON 2023 ) ដើម្បីស្វែងរកជើងឯក ប្រចាំឆ្នាំ និងផ្តល់ឱកាសដល់និស្សិតមក ពីបណ្តាប្រទេសផ្សេងៗ បង្ហាញសមត្ថភាពបច្ចេកវិទ្យាដោយផ្ទាល់ និងការចែករំលែកបទពិសោធន៍រវាងយុវជន។

ក្រុមជើងឯក នៃប្រទេសនិងដែនដីទាំង១៣ ស្មើនឹង១៤ក្រុម នឹងចូលរួមប្រកួតនៅកម្ពុជា រួមមាន៖

*កម្ពុជា (២ក្រុម) ចិន អេហ្ស៊ីប ដែនដីហុងកុង នៃប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ ក្រុមទាំងអស់ នឹងប្រកួតប្រជែងនៅលើទីលានតទល់គ្នាដោយផ្ទាល់ក្រោមវិញ្ញាសា របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺ «រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬ រ៉ូបូតបោះកងចូលក្នុង បង្គោល»។

ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទី១ ដែលមានការប្រកួតរ៉ូបូតធំជាងគេនៅអាស៊ីប៉ាស៊ីភិក រៀបចំនៅកម្ពុជា ព្រមទាំងអាចបង្ហាញពីភាពរីកចំរើនផ្នែកបច្ចេកវិទ្យារ៉ូបូតរបស់កម្ពុជា ទៅកាន់ពិភពលោក៕