(កោះកុង)៖ ឈ្មួញទិញលក់គ្រឿងសមុទ្រម្នាក់នៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង បានបោះបង្គោលក្នុងសមុទ្រកាងហាមឃាត់មិនឱ្យប្រជាពលរដ្ឋដទៃចូលនេសាទ បង្កការប្ដឹងតវ៉ាពីថ្នាក់ឃុំ ស្រុក រហូតដល់អភិបាលខេត្តកោះកុង ព្រមទាំងលើកឡើងអំពីការអសកម្មរបស់ប្រធានសហគមន៍ និងមន្ត្រីជំនាញជលផលទៀតផង។
គួរជម្រាបថា ប្រជាពលរដ្ឋនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៣ បានធ្វើដំណើរមកសាលាខេត្តកោះកុង ដោយពួកគាត់បានប្រតិកម្មមិនសុខចិត្តនឹងការអនុវត្តការងាររបស់សហគមន៍ និងមន្ត្រីជំនាញជលផលនៅក្នុងមូលដ្ឋានឃុំថ្មស ស្រុកបទុមសាគរ។
លោកស្រី ជា ណាវី តំណាងប្រជាពលរដ្ឋខាងលើ បានឱ្យដឹងថា ពួកគាត់មានសំណូមពរ៣យ៉ាង៖ ទី១-សូមឱ្យដកប្រធានសហគមន៍ឈ្មោ ទឹង ថាន់ ទី២-សូមឱ្យដកនាយកផ្នែកជលផល ឈ្មោះ ព្រុំ សុវណ្ណា ទី៣-សុំឱ្យអ្នករកស៊ីក្រែងឈាម ឈ្មោះ ផល្លី ឈប់បោះបង្គោលក្នុងសមុទ្របន្តទៀត ទុកកន្លែងឱ្យពួកគាត់ប្រកបមុខរបរនេសាទចិញ្ចឹមជីវិតផង។
តំណាងពលរដ្ឋរូបនេះបានបន្តថា មុននឹងពួកគាត់ឈានមកដល់សាលាខេត្តនេះ ពួកគាត់បានស្នើដល់ឃុំ-ស្រុកមួយលើកជាពីរលើករួចមកហើយ ប៉ុន្តែបុគ្គលឈ្មោះ ផល្លី ដដែលនោះ នៅតែមិនខ្លាចអាជ្ញាធរ ហាក់បីដូចជាមានអ្នកនៅពីក្រោយខ្នង ជាចុងក្រោយពួកគាត់មានតែលើកម្រាមដៃដប់សូមឱ្យលោកស្រីអភិបាលខេត្តជួយរកដំណោះស្រាយឱ្យពួកគាត់ផង។
គួរបញ្ជាក់ថា មូលហេតុពួកគាត់សុំដកនាយផ្នែកជលផល និងប្រធានសហគមន៍ ពីព្រោះពួកគាត់ទាំងពីរនាក់នេះមិនបានបម្រើប្រជាពលរដ្ឋឲ្យបានល្អឡើយ នេះហើយជាអ្វីដែលពួកគាត់ចង់បាន៕