(ក្រចេះ)៖ រដ្ឋបាលស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានប្រារព្ធវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ស្ដីពីសមិទ្ធផល និងបញ្ហាប្រឈមនានាលើការអភិវឌ្ឍន៍ ដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមក។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហេង ឡេង ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីលោក លោកស្រី ប្រធានអនុប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ប្រធានក្រុមប្រឹក្សាស្រុក បានកោតសរសើរ និងអគុណចំពោះលោកស្រីតំណាងប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដោយបានលើកឡើងជាសំណួរ និងសំណូមពរផ្សេងៗក្នុងគោលបំណងដើម្បីសហគមន៍ ភូមិ ឃុំរបស់ខ្លួនមានការអភិវឌ្ឍ។
លោកបញ្ជាក់ទៀតថា ក្រុមប្រឹក្សាត្រូវមានគនេយ្យភាពចម្បង និងដោយផ្ទាល់ចំពោះពលរដ្ឋ សំដៅធានាដល់ការបង្កើតតម្លាភាព ជំរុញឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តីដោយផ្ដោតលើការយកចិត្តទុកដាក់ជាសំខាន់ទៅលើតម្រូវការក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។
លោកស្រីអភិបាលស្រុកឆ្លូង បានបញ្ជាក់ថា ការរៀបចំប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នាថ្ងៃនេះ គឺដើម្បីបង្កើតឡើងនូវវប្បធម៌ នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យក្នុងគោលបំណង៖
*ផ្តល់ព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលស្រុកសម្រេចបាន និងសកម្មភាពអាទិភាពនៃការអភិវឌ្ឍ
*ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងការពិភាក្សាលើរបាយការណ៍នានា របស់រដ្ឋបាលស្រុក ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតបប្រកបប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ ធានាបានភាពជាតំណាងសាធារណៈ យ៉ាងពិតប្រាកដ ក្នុងការពង្រឹងលើអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ និងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ឋ និងការឆ្លើយតបចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រីឱ្យបានស្មើៗគ្នា និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសអាជ្ញាធរឃុំ មុននឹងឯកភាពសម្រេចតាមសំណើរបស់ប្រជាពលរដ្ឋ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ជៀសវាងសម្រេចសំណើទៅបង្កផលលំបាកដល់ពួកគាត់នៅពេលអនាគត់៕