(ភ្នំពេញ)៖ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣ឆ្នាំ ថ្ងៃបង្កើតកងពល (២៦ សីហា ២០១០-២៦ សីហា ២០២៣)។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការចូលរួមពី នាយទាហានជាន់ខ្ពស់ ក្រសួការពារជាតិ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកញ្ជូនលេខ៩៩ ប្រមាណជាង៥០០នាក់។

លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអ៊ុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៦ ខែសីហាឆ្នាំ២០២១០ មកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ កងតូចដឹកជញ្ជូនលេខ៩៩ គម្រប់ខួប១៣ ឆ្នាំហើយ ដែលបានបំពេញភារកិច្ចជាច្រើន តាមរយៈក្រសួងការពារជាតិ ចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល។

ក្នុងនោះរួមមាន៖ បានដឹកជញ្ជូនយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លីទូទាំងប្រទេស, ដឹកជញ្ជូនបងប្អូនពលករចំណាក់ស្រុកពីប្រទេសថៃ ទៅកាន់ស្រុកកំណើតវិញ នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស, ជួយអន្តរគមន៍ និងដឹកជញ្ជូនប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់, ចូលរួមសង្រ្គោះក្នុងហេតុការណ៍បាក់រលំអគារ និងដឹកជញ្ជូនកងទ័ពចល័តទៅតាមគោលដៅនានា បម្រើលើការងារកងទ័ពតាមអង្គភាព និងខែ្សបន្ទាត់ព្រំដែន។ ជាពិសេសបានចូលរួមដឹកជញ្ជូនប្រតិភូ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២២កន្លងទៅ ដោយមិនគិតយប់ថ្ងៃ ក្នុងនោះនៅពេលទទួលបានបទបញ្ជាភ្លាម កងពលបានចេញប្រតិបត្តិការភ្លាម បានទាន់ពេលវេលា។

ថ្លែងនៅក្នុងពិធីអបអរសាទរប្រារព្ធខួបលើកទី១៣ នៃការបង្កើតកងពលតូចដឹកជញ្ជូនលេខ៩៩ នាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនកន្លងមកជូន ខ.ភ.ម និងប្រទេសជាតិសម្រេចបានលទ្ធផលល្អប្រសើរ ក៏ដូចជាការដឹកនាំកសាង និងអភិវឌ្ឍន៍អង្គភាពឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានចាត់ទុក កងពលតូចដឹកជញ្ជូនលេខ៩៩ គឺមានតួនាទីសំខាន់ណាស់ បម្រើឲ្យវិស័យដឹកជញ្ជូនក្នុងកងទ័ព និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងវិស័យផ្សេងៗ ជាពិសេសការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយកថាហេតុ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានរំលឹកឡើងវិញពីការខិតខំយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកងទ័ព និងគ្រួសារកងទ័ព ក្នុងពេលកន្លងមកទាំងការផ្តល់ជំរុំ ជំរកស្នាក់នៅ ការកសាងអង្គភាពកងទ័ព ជាពិសេសលើជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពទាំងមូល។

នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកញ្ជូនលេខ៩៩ទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំ នូវរាល់មធ្យោបាយ គ្រឿងបំពាក់សម្ភារៈបច្ចេកទេស រួមមាន រថយន្ត តូច ធំ គ្រប់ប្រភេទ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ បានប្រគល់ជូន ដោយត្រូវជួសជុល និងថែទាំប្រើប្រាស់ឲ្យបានយូរអង្វែង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំយកអំណោយជូនយោធិនចូលសោធននិវត្តន៍ ចំនួន២២រូប ក្នុងម្នាក់ៗទទួលបាន៖ អង្ករ១ការ៉ុង, មី១កេស, ត្រីខ១យួរ, ទឹកស៉ីអ៉ីវ១យួរ, ប្រេងកូឡា២ដប, សាប៊ូដុះខ្លួន២ដុំ, ក្រម៉ា១ និងថវិកា៥០,០០០រៀល ព្រមទាំងបានផ្តល់ថវិកាជូនដល់អង្គពិធីចំនួន៥លានរៀលផងដែរ៕