(កំពង់ចាម)៖ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បង្រួមនីតិវិធីឱ្យខ្លីនូវឯកសារសម្រាប់ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្ននេះការបំពេញបន្ថែមប្លង់ដីមានរយៈពេល៤ខែឯណោះ។
លោកអភិបាលខេត្តលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈមនៃការចុះបញ្ជីដីធ្លី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា មន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តអនុវត្តនូវការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានសម្រេចមុនផែនការកំណត់ ខណៈថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គ្រោងយកខេត្តកំពង់ចាមធ្វើជាខេត្តគំរូក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់ ១០០% នាចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ខាងមុខនេះ ដូច្នេះត្រូវលើកបញ្ហាប្រឈម និងការខ្វះខាត ដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារចុះបញ្ជីដីធ្លីទទួលបានលទ្ធផលល្អដូចការគ្រោងទុក។
លោក ម៉ា ហូឌី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តកំពង់ចាមមាន៩ស្រុក/១ក្រុង ស្មើនឹង១០៥ឃុំ/៤សង្កាត់ មានភូមិចំនួន៩១៦ភូមិ ហើយបានចាប់ផ្ដើមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានបញ្ចប់ជាស្ថាពរនូវការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៤ស្រុក/១ក្រុង ដែលបានប្រមូលក្បាលដីគូស និងបញ្ចូលក្នុងកុំព្យូទ័រមានចំនួន៧៦២,៥៩៩ក្បាលដី ស្មើនឹង ៨៣% និងការចេញប័ណ្ណកម្មសិទ្ធិចំនួន៧២៣,៥៨៨ប័ណ្ណ ស្មើនឹង ៨០% នៃក្បាលដីប៉ាន់ស្មានរបស់ខេត្តកំពង់ចាមទាំងមូល ដែលមានចំនួនសរុប៩២៤,៤២១ក្បាលដី លើការងារចុះបញ្ជីដីធ្លីបច្ចុប្បន្ននេះមានចំនួន៧ក្រុមវាល ដែលកំពុងអនុវត្តនៅស្រុកចំនួន៥ គឺស្រុកស្ទឹងត្រង់មាន១ក្រុមវាល ស្រុកស្រីសន្ធរមាន១ក្រុមវាល ស្រុកកោះសូទិនមាន២ក្រុមវាល និងស្រុកកងមាសមាន២ក្រុមវាល លើភូមិ-ឃុំ និងក្បាលដីប៉ានស្មានសរុបនៅសល់បច្ចុប្បន្នមានចំនួន២០០,១០៨ក្បាលដី។
លោកអភិបាលខេត្តបានបន្តថា ចំពោះដីរដ្ឋដែលបានចេញប័ណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានចំនួនសរុប៤,៩៥៥ក្បាលដី។ ដីរដ្ឋដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិ រដ្ឋមានចំនួនសរុប២,៦៥៥ក្បាលដី នៅក្នុងនោះបានចេញប័ណ្ណកម្មសិទ្ធិ២,២០៩ក្បាលដី កំពុងដំណើរការចេញប័ណ្ណកម្មសិទ្ធិ៣៣ក្បាលដី នៅសល់មិនបានធ្វើប័ណ្ណកម្មសិទ្ធិ៤១៣ក្បាលដី។ ដូច្នេះសូមមន្ទីរ អង្គភាព ឬស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមសហកាក្នុងការធ្វើប័ណ្ណកម្មសិទ្ធិក្នុងកំឡុងពេលចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដាច់ដោយដុំ ឬបំពេញបន្ថែមផងដែរ៕