(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបឋកថាផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា វគ្គ២»។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក អៀង ពិសី អ្នកនិពន្ធសៀវភៅ និងលោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមផ្សព្វផ្សាយសៀវភៅនៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
នាឱកាសនោះ លោកភិបាលខេត្ត បានលើកឡើងថាសៀវភៅ «ហ៊ុន សែន កម្ពុជា» បានបង្ហាញអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ងួន រតនៈ បានបន្ថែមទៀតថា សៀវភៅ «ហ៊ុន សែន កម្ពុជា» ជាឃ្លាំងចំណេះដឹងដុសខាត់ផ្នត់គំនិតមនុស្ស ឱ្យយល់កាន់តែច្បាស់ពី គុណតម្លៃរបស់ថ្នាក់ដឹកនាំ ដែលមានបញ្ញាវាងវៃ មានចក្ខុវិស័យខ្ពស់ ដែលបានដឹកនាំកម្ពុជាពីប្រទេសដែលពិភពលោកស្គាល់ថាជាលេណដ្ឋានសង្គ្រាមឱ្យក្លាយជាប្រទេសដែលមានសន្តិភាព មានការអភិវឌ្ឍគ្រប់ទីកន្លែង។
លោក ងួន រតនៈ បានកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមការងារស្រាវជ្រាវសៀវភៅ «ហ៊ុន សែន កម្ពុជា» ដែលខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រង និងតាក់តែងឱ្យកើតចេញជាសៀវភៅកម្រាស់ជាង១ពាន់ទំព័រនេះឡើង ហើយសៀវភៅនេះ កើតចេញពីបទពិសោធន៍ ឆន្ទៈ មនសិកាស្នេហាជាតិរបស់ឥស្សរជនកំពូលៗរបស់ជាតិនឹងក្លាយជាមគ្គុទេសក៍ដ៏សំខាន់សម្រាប់ឱ្យមន្ត្រីរាជការ សិស្ស និស្សិត យកធ្វើជាគំរូ ជាពិសេសគឺមហាវីរភាពគម្រូ របស់សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា និងជាស្ថាបនិកសន្តិភាព ស្ថាបនិកនយោបាយឈ្នះឈ្នះ។
នៅចុងបញ្ចប់នៃកម្មវិធីអភិបាលខេត្តបានថ្លែងចំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តរយៈពេលជាង ៤៤ឆ្នាំនេះ ដោយបានដឹកនាំនាវាកម្ពុជានាំមកនូវសុខសន្តិភាព និងល្បីលើឆាអន្តរជាតិ៕