(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ចាប់ពីដើមត្រីមាសទី១ ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិតទឹកស្អាត បានប្រមាណជាង១លានម៉ែត្រក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ ពោលគឺចាប់ពីឆ្នាំ២០២៤នេះតទៅ បរិមាណទឹកស្អាត ដែលផលិតបាននេះ នឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ទឹករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គូសបញ្ជាក់ដូចនេះ ស្របពេលខ្លួន ចាប់ផ្ដើមអនុវត្តការងារខួងដាក់បំពង់មេនាំទឹកស្អាតដែលមានមុខកាត់ទំហំ២ម៉ែត្រ ឆ្លងកាត់ក្រោមបាតទន្លេសាប នាំទឹកស្អាតពីត្រើយខាងកើត មកត្រើយខាងលិច នៅចំណុចស្ពានព្រែកព្នៅ។
បំពង់មេនាំទឹកស្អាតទំហំមុខកាត់២ម៉ែត្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនទឹកស្អាតចេញរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ទៅផ្គត់ផ្គង់ដល់ពលរដ្ឋនៅរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរំពឹងថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ នឹងបញ្ចូនទឹកស្អាតចំនួន ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ចេញពីរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ខណៈរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បង ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅជាយរាជធានីភ្នំពេញ។
បំពង់មេនាំទឹកស្អាតទំហំមុខកាត់២ម៉ែត្រ នឹងត្រូវខួងទៅក្រោមបាតទន្លេសាបក្នុងជម្រៅចន្លោះពី២៥ទៅ៣០ម៉ែត្រ និងមានចម្ងាយប្រមាណ៥៤០ម៉ែត្រ ត្រូវចំណាយពេលសាងសង់ប្រហែលពី៣ទៅ៤ខែ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ និងឈានចូលដើមឆ្នាំ២០២៤។
សូមជម្រាបថា មុននឹងចាប់ផ្តើមការដ្ឋានខួងបំពង់មេនាំទឹកស្អាតទំហំមុខកាត់២ម៉ែត្រទៅក្រោមបាតទន្លេសាបនេះ នៅថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៣នេះដែរ ទឹករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំពិធីក្រុងពាលី ចាប់ផ្ដើមទម្លាក់ក្បាលម៉ាស៊ីនខួងចុះទៅបាតអណ្ដូង ក្រោមវត្តមាន លោក សំរិទ្ឋ សុវិទ្យា អគ្គនាយកស្តីទីនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំណាងក្រុមហ៊ុន Vinci contruction។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ៨២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីបានដាក់ដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហាននទី១ មានសមត្ថភាពផលិតទឹកស្អាតបានមួយថ្ងៃ១៩៥០០០ម៉ែត្រគូប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើរាជធានីភ្នំពេញមិនប្រឈមនឹងការខ្វះទឹកប្រើប្រាស់៕