(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសថា នឹងជំរុញប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិឱ្យកាន់តែទំនើបកម្ម ព្រោះសារព័ត៌មាន គឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។

ការថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។

លោក នេត្រ ភក្ត្រា បានបន្តថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមបញ្ជូនព័ត៌មាន ពីអាជ្ញាធរទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីឱ្យសាធារណជនបានដឹងពីប្រព្រឹត្តិការណ៍ ដែលកំពុងកើតឡើងនៅក្នុងប្រទេស។ ជាពិសេស សារព័ត៌មានជាតិដែលមានវិទ្យុជាតិកម្ពុជា ទូរទស្សជាតិកម្ពុជា និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវតែរួមគ្នាពង្រឹង ដាក់ទិសដៅរួមគ្នា ដើម្បីអភិវឌ្ឍ ជាប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទំនើប ផ្តោតសំខាន់ បុរាណរួមសម័យគឺតាមរយៈរលកសំឡេង តាមទូរទស្សន៍ វិទ្យុដដែល តែបន្ថែមតាមបណ្ដាញសង្គមមានដូចជា Facebook TikTok YouTube Telegram ជាដើម។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការងារអាទិភាពដែលលោកនឹងត្រូវធ្វើការងារ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់ គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួង ព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជា យើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

លោករដ្ឋមន្រ្ដី បានលើកឡើងថា ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជា ក្រោមដំបូលនៃសុខសន្ដិភាពនិងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មាន របស់យើងនេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនេះដែរ លោក នេត្រ ភក្ត្រា ក៏បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕