(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការសម្រេចបំណងប្រាថ្នាទៅបាន គឺត្រូវកើតចេញពីការអំណត់ព្យាយាមជាមួយនឹងការលំបាក ហើយយើងមិនអាចទប់ស្កាត់ការលំបាកមិនឱ្យកើតឡើងបាននោះទេ តែយើងអាចពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទប់ទល់ជាមួយនឹងការលំបាកនោះបាន។
លោកបណ្ឌិត សាន វឌ្ឍនា បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយបង្កើតវត្ថុគំរូ «បំណងប្រាថ្នា» ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលប្រជុំ CKCC និងដោយការចូលរួមពីលោក លោកស្រី ប្រធានមន្ទីអប់រំ ប្រធានការរិយាល័យមធ្យមសិក្សា មកពី២៥រាជធានីខេត្ត រួមទាំងមានសិស្ស និស្សិតជាច្រើនរូបទៀត។
លោកបណ្ឌិត សាន វឌ្ឍនា បានថ្លែងដូចនេះថា «ការសម្រេចបំណងប្រាថ្នា កើតចេញពីការអំណត់ព្យាយាមជាមួយនឹងការលំបាក ហើយប្អូនមិនអាចទប់ស្កាត់ការលំបាកមិនឱ្យកើតឡើងបាននោះទេ តែប្អូនៗអាចពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីទប់ទល់ជាមួយនឹងការលំបាកនោះបាន [..] នៅពេលដែលប្អូនៗបោះជំហ៊ានលើមាគ៌ានៃការសិក្សាជាមួយការស្រាវជ្រាវ ទោះបីជំនាញនោះផ្នែកជីវវិទ្យា ជីវបច្ចេកវិទ្យា រូបវិទ្យា គីមីវិទ្យាជាដើម ប្អូនៗនឹងរកឃើញពិភពលោកនេះកាន់តែទូលាយ និងមានឱកាសកាន់តែសប្បូរបែបដើម្បីឱ្យបំណងប្រាថ្នាយើងអាចសម្រេចបាន»។
លោកបណ្ឌិត សាន វឌ្ឍនា បានបន្ថែមថា មនុស្សដែលជោគជ័យបំផុតមិនមែនជាមនុស្សដែលទទួលនិងប្រើប្រាស់ឱកាសនោះទេ ហើយមនុស្សដែលជោគជ័យគឺជាមនុស្សដែលចេះបង្កើតឱកាសឱ្យខ្លួនឯង ហើយឱកាសនោះកើតចេញពីការសហការគ្នាទើបទទួលបានភាពជោគជ័យ។
លោកបណ្ឌិត បានបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានផ្តល់ឱកាសនូវការរៀន ផ្តល់ឱកាសឱ្យសិស្សមានគ្រូល្អបាន ប៉ុន្តែសិស្សទាំងអស់ត្រូវតែចេះបង្កើតឱកាសសម្រាប់ខ្លួនឯង តាមរយៈការកិច្ចសហការជាមួយគ្នា ការតាំងចិត្តសម្រេចនូវបំណងប្រាថ្នារបស់ខ្លួន ចេះបង្កើតនូវគម្រោងដោយមានការត្រឹះរិះពិចារណា នឹងដោះស្រាយបញ្ហា ចេះអំណត់ព្យាយាមតស៊ូដោយមិនបាក់ទឹកចិត្ត ទើបធ្វើឱ្យការសិក្សាអាចសម្រេចបានជោគជ័យ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ លេីកាសិក្សាដោយបង្កើតវត្ថុគំរូ « បំណងប្រាថ្នា» ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្ស ធ្វើការសិក្សាដោយការបង្កើតគម្រោង បំណងប្រាថ្នា ដែលជាការប្រកួត ស្នាដៃបង្កើតគម្រោងតាមរយៈការផលិតជាវត្ថុគំរូ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១០ មកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។
ព្រឹត្តិការណ៍ «បំណងប្រាថ្នា»នេះ គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) នឹងប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត នឹងនវានុវត្តន៍ ដោយផ្សាភ្ជាជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕