(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាលរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបប្រមាណ៤០០នាក់ ក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត។

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឡើងធ្វើបទបង្ហាញសង្ខេបអំពីប្រវត្តិ និងវឌ្ឍនភាពការងារទេសចរណ៍សំខាន់ៗដែលក្រសួងទេសចរណ៍សម្រេចបានជាបន្តបន្ទាប់ តាំងពីមុនការបង្កើតក្រសួង និងការបង្កើតក្រសួងទេសចរណ៍ដំបូងនៅឆ្នាំ១៩៩៣។

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្ដែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងឱកាសក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយឱ្យបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានសម្តែងនូវឧបការគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំនាវាកម្ពុជាក្នុងរយៈពេល៣៨ឆ្នាំ៧ខែនិង៨ថ្ងៃកន្លងមក ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញក្នុងតំបន់អាស៊ី។

លោក សុខ សូកេន ក៏បានគោរពវាយតម្លៃខ្ពស់កោតសរសើរ និងដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះលោកទេសរដ្ឋមន្ត្រី ថោង ខុន ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាព និងទេពកោសល្យ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមយ៉ាងសកម្មដើម្បីសម្រេចបាន
សមិទ្ធផលជាច្រើនអនេកក្នុងវិស័យទេសចរណ៍។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំបំពេញការងារយ៉ាងល្អប្រសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ទេសចរណ៍នានា ដែលបានគាំទ្រ និងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១, គោលនយោបាយនិងផែនការយុទ្ធសាស្រ្តសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លោករដ្ឋមន្រ្តីបានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។

ដើម្បីសម្រេចបាននូវចក្ឋុវិស័យនេះ លោករដ្ឋមន្រ្តី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

លោករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដោយឈរលើអភិក្រមភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» ធ្វើយ៉ាងណាបង្កើនសកម្មភាពវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ថោង ខុន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ត្រូវរួមសហការគ្នាអនុវត្តការងារដែលក្រសួង និងរដ្ឋមន្ត្រី សុខ សូកេន ប្រគល់ជូន ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិទាំងឡាយដែលបានប្រកាសឱ្យអនុវត្តរួចហើយនោះ ព្រមទាំងកម្មវិធីនយោបាយជាតិរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកសម្រេចឱ្យបាននូវសមិទ្ធជូនជាតិមាតុភូមិបន្ថែមទៀត និយាយជារួម និងសមិទ្ធផលក្នុងវិស័យទេសចរណ៍ជាតិ និយាយដោយឡែក។

គួរជម្រាបថា ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ៧លាននាក់ ជាមួយទេសចរជាតិ១៧លាននាក់៕