(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសំណេះសំណាលរវាងលោកបណ្ឌិត្យសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត។

នាឱកាសនោះ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានគោរពអរគុណចំពោះបណ្ឌិត្យសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានខិតខំដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នាអាណត្តិកន្លងទៅ និងសម្រេចបាននូវផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន ហើយនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់។

លោក ឆាយ ឫទ្ធិសែន បានប្តេជ្ញាបន្តមរតកនៃការអភិវឌ្ឍនេះ សំដៅបង្កើតសមិទ្ធផលថ្មីជូនជាតិតទៅមុខទៀត ក្រោមការចង្អុលទិសពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕