(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទៅយុវជនជំនាន់នេះត្រូវរក្សាស្នាដៃ សន្តិភាព ស្ថេរភាពសង្គម សមិទ្ធផលនានា និងកសាងសមិទ្ធបន្ថែមទៀតដើម្បីបន្សល់ទុកសម្រាប់ជាតិនិងយុវជនជំនាន់ក្រោយៗ។
ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាម ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសកម្មជនយុវជនដែលបានជ្រើសរើសចូលរួមជាមួយគណបក្សប្រជាជន និងអបអរសាទរការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាគឺប្រកបដោយឆន្ទៈស្ម័គ្រចិត្ត សីលធម៌ គុណធម៌ បម្រើបក្សនិង បម្រើប្រជាជន។ សូមកោតសរសើរនិងថ្លែងអំណរគុណចំពោះឆន្ទៈ និងការលះបងកម្លាំងកាយកម្លាំងចិត្តរបស់បងប្អូនដើម្បីគណបក្សនិងប្រជាជន។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សខ្លាំង ឬមិនខ្លាំង គឺអាស្រ័យលើអត្តសញ្ញាណនិងការប្រព្រឹត្តរបស់សមាជិកបក្ស សកម្មជនក្នុងការធ្វើសកម្មភាពបម្រើបក្សនិងប្រជាជនប្រកបដោយសីលធម៌ និងគុណធម៌។យុវជនក្នុងមូលដ្ឋានគឺជាដៃស្តាំរបស់បក្សក្នុងការជួយសម្របសម្រួលនិងធ្វើសកម្មភាពប្រកបដោយឆន្ទៈ ភាពស្មោះត្រង់ និងការលះបង់ ដែលទាំងនេះគឺជាគ្រឹះដ៍រឹងមាំរបស់បក្ស។
លោកបញ្ជាក់ថា «យុវជនរបស់បក្សសំដៅលើយុវជនពីមួយជំនាន់ទៅមួយជំនាន់គឺជាឆ្អឹងខ្នងរបស់គណបក្ស។ យុវជនជំនាន់មុនបានសង្គ្រោះជីវិតប្រជាជនការពារប្រជាន និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនមកដល់សព្វថ្ងៃ។ យុវជនជំនាន់នេះត្រូវរក្សាស្នាដៃ សន្តិភាព ស្ថេរភាពសង្គម សមិទ្ធផលនានា និងកសាងសមិទ្ធបន្ថែមទៀត ដើម្បីបន្សល់ទុកសម្រាប់ជាតិនិងយុវជនជំនាន់ក្រោយៗ»។ ប្រទេសរីកចម្រើន ប្រជាជនមានជីវភាព កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រគឺជាការផ្តល់ឱកាសរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានបន្តទៀតថា ថ្នាក់ដឹកនាំដែលទទួលខុសត្រូវនិងការពារប្រជាជននិងប្រទេសជាតិគឺត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន។ វាប្រៀបដូចជាមេគ្រួសារមួយ ឱពុកម្តាយបានលះបង់អ្វីគ្រប់យ៉ាងដើម្បីចិញ្ចឹមបីបាច់ថែរក្សានិងស្រឡាញ់កូនចៅរបស់ខ្លួន។ យុវជនត្រូវស្វែងយល់ឲ្យច្បាស់ពីគោលការណ៍គណបក្ស ស្វែងយល់ពីបក្ស ដែលជាបក្សធំជាងគេ មានស្នាដៃច្រើនជាងគេ មានទំនុកចិត្តច្រើនជាងគេ និងត្រូវស្វែយល់ពីរបៀបរបរធ្វើការ និងដើតួនាទីជាឃោសនិករបស់បក្សក្នុងការបង្ហាញ នូវរាល់សមិទ្ធិផលជាច្រើនរបស់បក្សដែលបានខិតខំកសាងតាំងពីបាតដៃទទេរនិងការពារអនាគតរបស់យើង ការពារសុខសន្តិភាព និងស្ថេរភាពសង្គម។
យោងតាមរបាយការណ៍របស់ក្រុមការងារមូលដ្ឋានស្រុកបាធាយ បង្ហាញថា រចនាសម្ព័ន្ធចាត់តាំងយុវជនគណបក្ស ត្រូវបានកែសម្រួល ហើយត្រូវប្រកាសសមាភាពនាពេលនេះ រួមមាន ៣៨៤ នាក់ ស្រី ៨១នាក់ គឺមាន៖ ក្រុមការងារយុវជនគណបក្សស្រុក ២៥នាក់ ស្រី ៥នាក់ សកម្មជនយុវជនឃុំ ៦៣នាក់ ស្រី ១០នាក់ និងសកម្មជនយុវជនភូមិ ២៣៦នាក់ ស្រី ៣៩នាក់។
របាយការណ៍បានបន្តទៀតថា នៅក្នុងសកម្មភាពសង្គម សកម្មជនយុវជនបានចូលរួមយ៉ាងផុរផុសក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះរលំផ្ទះដោយខ្យល់កន្រ្តាក់ ការចូលរួមអន្តរាគមន៍ចែកចាយទឹក នៅពេលប្រជាជនខ្វះខាតទឹកកាលពីដើមឆ្នាំ ក្នុងខណៈដែលរាំងស្ងួតគ្មានភ្លៀងសោះជាហេតុធ្វើឲ្យការឆ្លើយតបគ្រោះមហន្តរាយបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ តាមរយៈនៃការជួយឧបត្ថម្ភគាំទ្រពីសំណាក់លោកបណ្ឌិត និងក្រុមការងារយុវជនថ្នាក់កណ្តាលចុះជួយស្រុក ធ្វើឲ្យក្រុមការងារយុវជនក៏ដូចជាសកម្មជនយុវជនឃុំ-ភូមិ មានលទ្ធភាពក្នុងការជួយសម្រួលដល់យុវជន ឬ គ្រួសារយុវជនដែលជួបបញ្ហាគ្រោះថ្នាក់ បញ្ហាសុខភាព មានជម្ងឺធ្ងន់ធ្ងរ និងគ្រួសារយុវជនដែលមានមនុស្សស្លាប់ ដែលជាប្រការល្អប្រសើរក្រៃលែងដល់ការលើកទឹកចិត្តចំពោះយុវជននៅមូលដ្ឋាន ព្រមទាំងបានបង្កលក្ខណៈជួយឧបត្ថម្ភ ដល់ចាស់ជរាគ្មានទីពឹង គ្រួសារមានកូនភ្លោះ៣ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ផងដែរ។
ទន្ទឹមគ្នានេះដែរ បណ្តាយុវជននៅតាមសាលារៀន ក៏មានឱកាសទទួលបាននូវអាហារូបករណ៍ សម្ភារនិងគ្រឿងសង្ហារឹមសម្រាប់សិក្សាសម្ភារសម្រាប់ការបណ្តុះបណ្តាលផ្នែកពត៌មានវិទ្យា (Computer) ដល់សិស្សវិទ្យាល័យ បានពង្រឹងចំណេះដឹង ជួយបំប៉នបន្ថែមសម្រាប់យុវជនដែលត្រៀមប្រឡងយកសញ្ញាប័ត្រ ព្រមទាំងលើកទឹកចិត្តដល់បេក្ខជន សិស្ស ដែលបានប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងផ្តល់ជូនគន្លឹះសំខាន់ៗ សម្រាប់ការជ្រើសរើសមហាវិទ្យាល័យ ដែលត្រូវរៀនបន្ត។
តាមរយៈលោកបណ្ឌិត និងក្រុមការងារជនបង្គោលនេះដែរ បានផ្តល់លទ្ធភាពដល់យុវជនបានទទួលនូវការបណ្តុះបណ្តាលអប់រំនយោបាយ និងការបំប៉នវគ្គជំនាញចំនួន៣គឺ ការតបណ្តាញអគ្គិសនី ជួសជុលនិងថែទាំម៉ាសីុនត្រជាក់ និងរចនារូបភាព និងបោះពុម្ភ៕