(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សមាគម ដើម្បីពិភាក្សាទៅលើការផ្តួចផ្តើមបង្កើតគណៈកម្មការតាមជំនាញ ទទួលបន្ទុកក្នុងការងារចរចា និងទំនាក់ទំនងផ្សេងៗ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SMEs)។

គណៈកម្មការទាំង៨ ដែលអង្គប្រជុំនឹងសម្រេចបង្កើតនេះរួមមាន ៖គណ:កម្មាការ ផ្នែកបណ្តុះបណ្តាល និងបច្ចេកវិទ្យា, គណៈកម្មការផ្នែកទំនាក់ទំនងចរចា និងការងារពាណិជ្ជកម្មអន្តរជាតិ, គណៈកម្មការ បែបបទគយ ដឹកជញ្ជូន និង Logistics, គណៈកម្មការ ផ្នែកពិសោធន៍ និងអនាម័យម្ហូបអាហារ, គណៈកម្មការ សម្របសម្រួលការងាររដ្ឋបាល និងទំនាក់ទំនងសាធារណៈ, គណៈកម្មការ សម្របសម្រួល និង ទំនាក់ទំនងសមាជិក, គណៈកម្មការ ផ្នែកស្រាវជ្រាវ និងច្បាប់ និងគណៈកម្មការ ផ្នែកសវនកម្ម និងពន្ធដារ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំ ទីស្ដីការធុរកិច្ចសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយមានការចូលរួមពីអ្នកជំនួញក្នុងវិស័យជាច្រើននៅកម្ពុជា។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមមូលនិធិសម្ដេចតេជោ បានឱ្យដឹងថា គណៈកម្មការទាំង៨ នឹងធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ SME ។

លោក បានជំរុញ និងលើកទឹកចិត្ត ដល់អ្នកឧកញ៉ា ឧកញ៉ា ដែលជាក្រុមប្រឹក្សាភិបាល និងទទួលបន្ទុកជាគណៈកម្មការទាំង៨ ខាងលើ ឱ្យមានការទទួលខុសត្រូវតាមភារកិច្ចដែលបានតែងតាំង និងរៀបចំនេះ និងត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយ វិស័យឯកជន ក៏ដូចជាជំរុញការងារចចារ និងទំនាក់ទំនងផ្សេងៗ ដើម្បីកិច្ចសហប្រតិបត្តិការ និងជាចំណងមេត្រីភាព ជាមួយស្ថាប័នរដ្ឋ និង SMEs ទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ នៅដើមខែកញ្ញាខាងមុខនេះ លោកនឹងដឹកនាំសមាជិកជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍ថ្មី ដើម្បីធ្វើការជាមួយគ្នា រកដំណោះស្រាយលើបញ្ហាប្រឈមរបស់ SMEs ដែលបាននិងកំពុងជួបប្រទះ នាពេលកន្លងមកផងដែរ។

លោកមានប្រសាសន៍ថា៖ «បញ្ហាប្រឈមរបស់គាត់មានច្រើន ក្នុងនោះមានបញ្ហាទំនិញផលិតបានមកលក់មិនចេញ ត្រូវរកទីផ្សារឱ្យគាត់។ ហេតុនេះក្នុងនាមយើងជា​វិស័យឯកជនយើងត្រូវដោះស្រាយគ្រប់បញ្ហាដល់គាត់។ អ៊ីចឹងបញ្ហាទី១គាត់ខ្វះទុន យើងត្រូវរកទុនឱ្យគាត់។ ក្នុងនាមសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម និងមូលនិធិសម្តេចតេជោ បានចុះបើកសិក្ខាសាលាទូទាំងប្រទេស ដើម្បីបង្ហាត់បង្រៀនពួកគាត់ឱ្យចេះពីនិតិវិធីផ្សេងៗ ដូចជាការចេះធ្វើរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីខ្ចីលុយគេយកទៅរកស៊ី...។ សមាគមត្រូវបង្កើតគណៈកម្មការ ដើម្បីមានបញ្ហាអី ជួយដោះស្រាយឱ្យគាត់ អ៊ីចឹងការដោះស្រាយហ្នឹងមិនចេះចប់ទេ គឺគ្រប់ផ្នែកទាំងអស់»

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មានប្រសាសន៍ថា សហគ្រាសជាច្រើនដែលមកពីវិស័យផ្សេង ដូចជា វិស័យម្ហូបអាហារ កសិឧស្សាហកម្ម ជាដើម មានបញ្ហាជាច្រើន ដែលត្រូវដោះស្រាយ។

លោកបន្តថា បេសសកម្មរបស់គណៈកម្មការទាំងនេះ មានភាពចាំបាច់ក្នុងការជួយដោះស្រាយបញ្ហាដល់ម្ចាស់អាជីវកម្មនានា និងផ្តល់នូវចំណេះ ជំនាញ បច្ចេកទេស បច្ចេកវិទ្យា និងការបណ្តុះបណ្តាល ទៅលើការធ្វើអាជីវកម្មផ្សេងៗ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងការផលិត។ តាមរយៈគណៈកម្មការដែលបង្កើតឡើងនេះ នឹងរិះរកមធ្យោបាយជួយដល់ម្ចាស់អាជីវកម្មទាំងនោះ ប៉ុន្តែប្រសិនបើបញ្ហាដែលមិនអាចដោះស្រាយ នឹងដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីជួយដោះស្រាយ។

បើតាម ឧកញ៉ា តែ តាំងប៉ មកទល់បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានប្រមាណជាង៧០ម៉ឺនសហគ្រាស ទាំងចុះបញ្ជីស្របច្បាប់ និងមិនទាន់ចុះបញ្ជី៕