(ភ្នំពេញ)៖ ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%ក៏ពិតមែន ប៉ុន្តែបានប្រសើរជាងស្ថានភាព៤ទៅ៥ឆ្នាំមុនច្រើន។
គួរជម្រាបថា នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបន្តការងារក្រៅផ្លូវការជាមួយកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីបង្កើនការស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពេលចប់ម៉ោងការងាររបកម្មករនិយោជិត ក៏ដូចជាអ្នករស់នៅតាមបន្ទប់ជួល។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មករ-កម្មការិនីភាគច្រើនមិនបានស្គាល់លោកជាអ្នកណាទេ តែលោករដ្ឋមន្ត្រីក៏សូមអរគុណចំពោះការស្វាគមន៍រាក់ទាក់ និងឆ្លើយឆ្លងជាមួយលោកប្រៀបដូចជាបងនិងប្អូន។
លោក ហេង សួរ បានបន្តថា «ជាការពិតអ្វីៗ ដែលមានចំពោះមុខគឺមិនទាន់ដល់ក្តីប្រាថ្នា១០០% របស់បងប្អូននៅឡើយ ប៉ុន្តែបងប្អូនប្រៀបធៀបអតីតកាល៤ទៅ៥ឆ្នាំមុន និងបច្ចុប្បន្នគឺល្អជាងមុនច្រើន ជាក់ស្តែងគឺបងប្អូនដឹងច្បាស់ថាតម្លៃភ្លើង និងទឹកស្អាតឥឡូវ គឺថោកជាងកាលពីឆ្នាំ២០១៨។ ឥឡូវនេះពេលបងប្អូនឈឺថ្កាត់គឺមិនខ្លាចនឹងទៅពេទ្យ ដោយសារមានបណ្ណ ប.ស.ស និងមន្ទីរពេទ្យនៅក្បែរផ្ទះជួល ឬរោងចក្រ»។
លោកបានបញ្ជាក់ប្រាប់កម្មករនិយោជិតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបន្តខិតខំដោះស្រាយ គាំពារជូនកម្មករ-កម្មករិនីឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជំរុញជីវភាពការរស់នៅ និងសុខុមាលភាពរបស់កម្មករនិយោជិត។
លោករដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា ឈរលើមរតកសុខសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការងារដឹកនាំប្រកបដោយថាមពលក្លៀវក្លាស្វាហាប់មោះមុតមិនខ្លាចនឿយហត់របស់ លោកបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តបោះជំហានទៅមុខដោយមិនថយក្រោយឡើយ៕