(កណ្តាល)៖ ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជាក្រោយបញ្ចប់សង្រ្គាមហែកហួរ នឹងត្រូវធ្វើការតភ្ជាប់ហើយនៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកសមិទ្ធផលស្ពានកោះធំនេះថា ជាសរសៃឈាម ដ៏សំ ខាន់សម្រាប់តភ្ជាប់តំបន់ជនបទពោរពេញដោយសក្តានុពលកសិកម្មរបស់កម្ពុជា ទៅនិងទីប្រជុំជន។
ស្ពានកោះធំ មានប្រវែងសរុប ៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១៩.៣៩ លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាល ចិន រួមជាមួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជាប្រមាណជា ២.៨លានដុល្លារអាមេរិក។ ស្ពានមានទីតាំងចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ គឺតភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវប្របមាត់ទន្លេនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
តួស្ពាននេះ មានប្រវែងសរុប ៤១៥ម៉ែត្រ និងមានទទឹង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។ ក្នុងទទឹង ១៣.៥០ម៉ែត្រនេះ មានផ្លូវរថយន្តទទឹង ៣.៥០ម៉ែត្រ មាន ០២គន្លង ផ្លូវម៉ូតូទទឹង ១.៩០ម៉ែត្រ មាន០២គន្លង ផ្លូវថ្មើរជើងទទឹង ១.៣៥ម៉ែត្រ មាន ០២គន្លង ហើយផ្ទៃខាងលើ នៃស្ពានក្រាលបេតុងកៅស៊ូកម្រាស់ ០៥សង់ទីម៉ែត្រ។
ស្ពានកោះធំ ត្រូវបានសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអាន របស់ប្រទេសចិន ដែលត្រូវប្រើរយៈពេលសាងសង់ ៣៦ខែ ចាប់ផ្ដើមពីខែមីនា ឆ្នាំ២០១៤ និងគ្រោងបញ្ចប់នាចុងឆ្នាំ ២០១៦ ឬ ដើមឆ្នាំ២០១៧ ខាងមុខនេះ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងពេលចុះពិនិត្យកន្លែងរៀបចំពិធីតភ្ជាប់ស្ពាននាព្រឹកថ្ងៃទី០៧ ខែសីហា នេះ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថា ការសាងសង់ស្ពានកោះធំ គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងច្រើនកុះករនៅត្រើយខាងកើត និងត្រើយខាងលិចទន្លេបាសាក់ឱ្យបានងាយស្រួល និងឆាប់រហ័ស។
លោករដ្ឋមន្រ្តីបន្តថា កន្លងមកប្រជាពលរដ្ឋទាំងនៅត្រើយខាងកើត និងត្រើយខាងលិច អាចធ្វើដំណើរទៅវិញទៅមកបានតាមរយៈការឆ្លងទូកដ ឬសាឡាងចម្លងកែឆ្នៃតូចៗ ដែលតែងតែជួបការលំបាក និងមានភាពប្រថុយប្រថាន ហើយត្រូវចំណាយថ្លៃចម្លង និងប្រើពេលវេលាយូរក្នុងការរង់ចាំ និងដឹកជញ្ជូនបានតែបរិមាណតិចតួច។ ស្ថានភាពនេះ មិនត្រឹមតែធ្វើឱ្យការដឹកជញ្ជូនផ្លាស់ប្តូរផលិតផលពុំសូវមានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅកាន់សាលារៀន ហើយប្រជាពលរដ្ឋ ដែលជាអ្នកជំងឺ និងអ្នកមានផ្ទៃពោះសម្រាលបុត្រ ក៏តែងតែជួបនឹងទុក្ខភ័យ ដោយពិបាកទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពនានាបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «ស្ពានកោះធំ ដែលបានសាងសង់ជិតរួចរាល់ និងដាក់ឱ្យប្រើប្រាស់នាពេលខាងមុខ ជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសរសៃឈាមដ៏សំខាន់មួយ រួមចំណែកប្រែក្លាយតំបន់ ដែលមានសក្តានុពលខាងកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់វៀតណាម អាចតភ្ជាប់ទៅកាន់ទីប្រជុំជនបានដោយស្រួល»។
លោកទេសរដ្ឋមន្រ្តី បន្តថា «ស្ពាននេះ នឹងបង្កលទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ពិសេសក្នុងស្រុកកោះធំ និង ស្រុកលើកដែក ព្រមទាំងបានប្រែក្លាយក្តីស្រមៃរបស់ប្រជាពលរដ្ឋកម្ពុជានៅតំបន់នេះ ទៅជាក្តីសង្ឃឹម នៃមោទនភាពជាតិ និងជំនឿជឿជាក់លើការអភិវឌ្ឍយ៉ាងពិតប្រាកដ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងពិធីបើកសម្ពោធផ្លូវលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី០២ ខែសីហា បាន បញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់កម្ចីហិរញ្ញប្បទានជួយសាងសង់ស្ពាននៅកម្ពុជា បានចំនួន ៧ហើយ ដែលមានប្រវែងសរុបជាង ៦ពាន់ម៉ែត្រ ហើយស្ពានខ្លះទៀតកំពុងសាងសង់។ សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងចរចាតម្លៃជាមួយរដ្ឋាភិបាល ដើម្បីសាង សង់ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីស្រុកស្ទឹងត្រង់ ទៅស្រុកក្រូចឆ្មារ ក្នុងខេត្តកំពង់ចាម ហើយកំពុងស្នើឲ្យជួយសាងសង់ស្ពានឆ្លងកាត់តន្លេមេគង្គក្នុងខេត្តក្រចេះ ភ្ជាប់ទៅកាន់ខេត្តកំពង់ធំផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា រដ្ឋាភិបាលចិន បានផ្តល់កម្ចីជួយសាងសង់ផ្លូវនៅកម្ពុជារួចរាល់បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ កំពុងសាងសង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយចំនួនទៀត៕
រូបភាពដោយ៖ លោក ត្រាំ លីរតនៈ