(ត្បូងឃ្មុំ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.ខេត្ត បន្តចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ ៤២០នាក់ នៅក្នុងបរិវេណវិទ្យាល័យសម្តេចតេជោសែន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះមន្ត្រីជំនាញ បានធ្វើបទបង្ហាញដល់សិស្សានុសិស្ស ពាក់ព័ន្ធបច្ចេកទេស ដោយមានជាផ្ទាំងរូបភាពបង្ហាញ ផលិតផល ទំនិញនានា ជាច្រើនមុខ ក្នុងការជ្រើសរើសទំនិញ ដែលមានគុណភាពល្អយកទៅប្រើប្រាស់ ជៀសវាងទិញទំនិញដែលគ្មានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញ ដែលមិនអនុលោមតាមច្បាប់ ដែលបង្ករទុក្ខទោសដល់សុខភាព។
ទន្ទឹមនោះក៏មានការលើកជាសំណួរ យ៉ាងផុសផុលពីសំណាក់ប្អូនៗក្មួយៗ ជាសិស្សានុសិស្ស ប្រមាណ ២៣នាក់។ ជាក់ស្តែងមន្ត្រីជំនាញ បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយព្រមទាំងមានរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមានសេចក្តីក្លាហានក្នុងការឡើងសួរសំណួរ។
នាឱកាសនោះដែរ លោក សាន វិជ្ជាសារ៉ាវុធ ក៏បានធ្វើបទបង្ហាញ និងលើកឡើងថា ការចុះផ្សព្វផ្សាយនាពេលនេះ គឺដោយយោងតាមកិច្ចព្រមព្រៀង ពីសំណាក់លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការសំណូមពរពីសំណាក់លោករដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ក្នុងការចុះអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់ សិស្សានុសិស្ស និងនិស្សិតតាំងពីមេត្តេយ្យសិក្សា ដល់ឧត្តមសិក្សា នៅទូទាំងខេត្តត្បូងឃ្មុំ។
ទន្ទឹមនេះមន្រ្តីជំនាញ ក.ប.ប ខេត្ត បានអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានក.ប.ប ដោយបានដាក់ផែនការ ក្នុងការចុះផ្សព្វផ្សាយដល់អ្នកលក់ដូរក្នុងសាលា សិស្សានុសិស្ស និងនិស្សិត តាមបណ្តាសាលារៀន ទាំងមត្តេយ្យសិក្សា ដល់ឧត្តមសិក្សានានា នៅក្នុងខេត្តត្បូងឃ្មុំ ក្នុង១ខែ ឱ្យបានយ៉ាងតិច ២លើក រៀងរាល់ខែផងដែរ។
លោកប្រធានសាខា ក.ប.ប ខេត្ត បន្តថា ការចុះអប់រំផ្សព្វផ្សាយនេះគឺដើម្បីបញ្ជ្រាបការយល់ដឺងអំពី គុណភាព សុវត្ថិភាព ម្ហូបអាហារ ដល់អ្នកប្រើប្រាស់ ជ្រើសរើសយកចំណីអាហារណាល្អ សម្រាប់បរិភោគឱ្យមានស្តង់ដា ជាចំណីអាហារច្បាស់លាស់ប្រកបដោយគុណភាព ស្របពេលបច្ចុប្បន្ននេះ ចំណីអាហារកាន់តែមានកើនឡើងការបង្រ្កាបពីសំណាក់មន្រ្តីជំនាញនៅតែសស្រាក់សស្រាំ។
ជាពិសេសនាពេលថ្មីៗនេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់លើការនាំចូលសាច់បង្កក នៅតាមបណ្តាច្រកព្រំដែននានា ជៀសវាងការប្រើប្រាស់ចំណីអាហារណាដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេតច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ។
លោក សាន វិជ្ជាសារ៉ាវុធ បានគូសបញ្ជាក់ថា សាខា ក.ប.ប ខេត្តត្បូងឃ្មុំ បានអនុវត្តតាមអនុសាស្រ្ត ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដោយតម្រូវអោយអាជីវករ សេវាករ និងពាណិជ្ជករ ទាំងអស់ ត្រូវបិទស្លាកតម្លៃលើមុខទំនិញ ឬសេវាកម្មគ្រប់ប្រភេទ ជាពិសេសនៅតំបន់ទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួនទូទាំងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស។ ដោយឡែក គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងខាងលើនេះ ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន៕