(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ឱ្យ​ដឹក​នាំរាជរដ្ឋាភិបាល។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតនោះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ ហើយមានគណបក្សនយោបាយតែពីរប៉ុណ្ណោះទទួលបានអាសនៈនៅក្នុងរដ្ឋសភា។ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ។

ការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង ៨លាន ២សែននាក់ ស្មើនឹងជាង ៨៤ភាគរយ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានរហូតដល់​ទៅជាង ៨២ភាគរយ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកការបោះឆ្នោតនោះ បានប្រព្រឹត្តទៅ​ដោយ​សេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាម និងជាពិសេសមានការចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋដ៏ច្រើនកុះករ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «លទ្ធផលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យ​ឃើញ​នូវ​ឆន្ទៈគាំទ្រយ៉ាងពេញទំហឹង និងដ៏មុះមុតពីសំណាក់ប្រជាពលរដ្ឋភាគច្រើនលើសលុប និងពីគ្រប់​មជ្ឈដ្ឋានលើកិច្ចដំណើរការប្រជាធិបតេយ្យ ដ៏ត្រឹមត្រូវ និងទៀងទាត់របស់កម្ពុជា ក៏ដូចជាការជឿ​ទុក​ចិត្ត​ដ៏ធំធេងសម្រាប់គណបក្សប្រជាជនកម្ពុជា»