(ភ្នំពេញ)៖ ក្នុងថ្ងៃទី២នៃការចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត។

គួរជម្រាបថា នៅថ្ងៃម្សិលមិញ លោករដ្ឋមន្ត្រី ហេង សួរ បានចុះជួបកម្មករនិយោជិតពេញមួយថ្ងៃហើយដែរ ដោយទទួលបានព័ត៌មាន ទិន្នន័យ និងសំណូមពរដែលពាក់ព័ន្ធនឹងស្ថានភាពរស់នៅ ស្ថានភាពនៅកន្លែងបំពេញការងារ រាប់ទាំងបញ្ហាអាហារហូបចុក អនាម័យ បរិយាកាសការងាររបស់កម្មករនិយោជិតថែមទៀតផង។ សកម្មភាពទាំងនេះបានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះកម្មករ-កម្មការិនីយ៉ាងហ្មត់ចត់ និងទទួលបានការសាទរយ៉ាងក្លៀវក្លាពីសំណាក់កម្មករនិយោជិត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ នៅព្រឹកមិញនេះ លោករដ្ឋមន្ត្រី ហេង សួរ ក៏បានបន្តចុះជួយទៅជួបកម្មករនិយោជិតនៅតាមរោងចក្រក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ទាំងដែលពួកគាត់មិនបានដឹងមុន ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការទទួលរួសរាយរាក់ទាក់ជាមួយលោករដ្ឋមន្ត្រីក្រសួងការងារថ្មី។

ទិដ្ឋភាពពោរពេញដោយភាពស្និទ្ធស្នាលណាស់ តាមរយៈការសំពះជម្រាបសួរ សួរសុខទុក្ខ ជជែកទល់មុខ ញញឹមសើចសប្បាយ ថតរូបស៊ែលហ្វ៉ីជាមួយគ្នា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីវ័យក្មេងក៏មិនភ្លេចសាកសួរអំពីស្ថានភាពរស់នៅនៅបន្ទប់ជួល កន្លែងធ្វើការ បរិយាកាសការងារ ក៏ដូចជាតម្រូវការផ្សេងរបស់កម្មករ-កម្មការិនី ពិសេសលោករដ្ឋមន្ត្រីក៏បានរំលេចអំពីការទទួលបានបណ្ណ ប.ស.ស គុណភាព និងការអត្ថប្រយោជន៍ដែលទទួលបានតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស នេះជាដើម។ លោកក៏បានសាកសួរអំពីការប្រើប្រាស់ ការចំណាយលើសេវាទឹកស្អាត អគ្គិសនី ថ្លៃជួបបន្ទប់ អាហារហូបចុក ក៏ដូចជាការគាំពារសុខុមាលភាពផ្សេងៗទៀត។

នៅចំពោះមុខកម្មករ-កម្មការិនី លោករដ្ឋមន្ត្រី ហេង សួរ បញ្ជាក់ថានឹងបន្តរួមគ្នាជាមួយភាគីពាក់ព័ន្ធពិនិត្យតាមដាននូវកិច្ចការងារនេះជាប់ជាប្រចាំ តាមបណ្តាំណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចាត់ទុកសុខទុក្ខរបស់កម្មករនិយោជិត ដូចជាកែវភ្នែករបស់ខ្លួន។

ជាការសង្កត់ធ្ងន់យ៉ាងមុតមាំរបស់លោករដ្ឋមន្ត្រី ហេង សួរ គឺថា រាល់ពេលចុះជួបកម្មករនិយោជិតក្នុងបេសកកម្មដំបូងនេះ លោកបានបញ្ជាក់ហើយបញ្ជាក់ទៀតថា មន្ត្រីរាជការនៃក្រសួងការងារ រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួបកម្មករនិយោជិតឱ្យបានញឹកញាប់ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត បម្រើប្រជាជន តបស្នងជូនប្រជាជន ឱ្យសមនឹងតម្លៃដែលប្រជាជនបានការផ្ដល់ការទុកចិត្តលើរាជរដ្ឋាភិបាល៕