(ភ្នំពេញ)៖ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ដែលបង្កើតឡើង​តាំង​ពីឆ្នាំ១៩៩៩មកនោះ ត្រូវកែសម្រួលមកជា «ក្រសួងអធិការកិច្ច» វិញ នៅដើមអាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

យោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាល​បាន​បង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងគោលបំណងលើកកម្ពស់​និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និង​ភាព​ស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់​បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបន្តថា ដោយយោងតាមសាវ​តា​រ​​លើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់ តួនាទីភារកិច្ចលើ​វិស័យ​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា ការប្តូរឈ្មោះក្រសួងជា «ក្រសួង​អធិ​ការកិច្ច» ពិតជាឆ្លើយតបនឹង (១) កម្មវិធីនយោបាយ​របស់រាជ​រដ្ឋា​ភិបាលអាណត្តិទី៧ និង​យុទ្ធ​សាស្ត្របញ្ចកោណ-ដំណាក់កាលទី១, (២) ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅ ឧត្តម​ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និង (៣) បំណង​ប្រាថ្នា​របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការ​កិច្ច។

សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន ១០មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សូមបញ្ជាក់ថា លោក ហួត ហាក់ ត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចនេះ៕