(ភ្នំពេញ)៖​ វេទិកាការងាររបស់ NEA សហការជាមួយនឹង សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន​ ៣៤៥នាក់​ បានចូលរួមដាក់ពាក្យស្វែងរកការងារ និងមានអ្នកសម្ភាសការងារជាប់បឋមចំនួន ១៥១នាក់។

កញ្ញា ជាវ មួយគីម មកវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេក ជំនាញវិស្វកម្មអគ្គីសនី ដែលបានសម្ភាសជាប់បឋមនៅក្រុមហ៊ុន DDD មើលឃើញថា វេទិកាការងារនេះគឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់អ្នកមានបំណងចង់ស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ឲ្យបានជួបជាមួយនឹងនិយោជក។ មួយគីម បន្ថែមថា កន្លងមកខ្លួនមិនដែលដឹងថា NEA មានរៀបចំវេទិកាដូចនេះទេ ពេលដែល«ខ្ញុំចង់រកការងារធ្វើ ខ្ញុំតែងតែមើលលើវេបសាយផ្សេង ហើយក៏ដាក់ពាក្យទៀតសោតក៏មានក៏មានការរង់ចាំយូរដែរ ទំរាំតែគេតែហៅទៅសម្ភាស ហើយពេលខ្លះក៏អត់មានអ្នកតេហៅទៅសម្ភាសដែរ។

កញ្ញា ពិតជាអរគុណណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ហើយកញ្ញាពិតជារំភើបណាស់ក្រោយទទួលបានដំណឹងថាជាប់ការងារនៅក្រុមហ៊ុន DDD។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕