(សៀមរាប)៖ អនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើ ផលិតផល ទំនិញ និងសេវា និងតាមការណែនាំជាប្រចាំ ពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ឲ្យមន្ត្រីជំនាញកាំកុងត្រូលទាំងអស់ ចុះត្រួតពិនិត្យគុណភាពទំនិញ នៅតាមទីផ្សារ និង កន្លែងតាំងលក់ដ៏ទៃទៀត ដើម្បីការពារផលប្រយោន៍ និងសុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់ទាន់ពេលវេលា នូវការធ្វីចររាចរ ចែកចាយ លក់ដូរផលិតផល ទំនិញ ខូចគុណភាព ។
ជាក់ស្តែងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នេះ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម រាប ដឹកនាំដោយលោក ង៉ែត ចេក ប្រធានសាខា និងសហការី សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ អាជ្ញាធរដែនដី បានចុះពិនិត្យ គុណភាព សុវត្ថិភាព ចំណីអាហារ និងផ្សព្វផ្សាយដល់អាជីករ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីបរិភោគចំណីអាហារខូចគុណភាព ដែលមានដាក់តាំងលក់នៅផ្សារ ក្រឡាញ់ និងផ្សារកំពុងថ្កូវ ស្ថិតក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ចំងាយពីខេត្តសៀមរាប ប្រមាណជាង ៥០គ.ម។
មន្រ្តីកាំកុងតូលខេត្តសៀមរាប បានឲ្យដឹងថា ជាលទ្ធផល តាមរយៈតេស្តបឋម ក្រុមប្រតិបត្តិការបានរកឃើញ លើសរសៃគុយទាវ ពុំមានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលហាមឃាត់ឡើយ តែចំពោះណែមសាច់ត្រី ដែលដាក់តាំងលក់ក្នុងផ្សារក្រឡាញ់ និងនៅតាមដងផ្លូវជាតិលេខ៦ ត្រង់រង្វង់មូលផ្សារក្រឡាញ់ ឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ ទាំងអស់។
ក្រោយការរកឃើញ មន្រ្តីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតបានចំនួន ៤១គីឡូក្រាម មករក្សាទុក និង បាន ដកហូតផលិតផលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនទៀតដូចជា៖ ទឹកក្រូចម៉ាក BIG ចំនួន ១២ដប និងមុីកំប៉ុង ផលិតនៅ ថៃ ចំនួន ១៣កំប៉ុង ដើម្បីរង់ចាំសុំគោលការណ៏កំទេចចោល។
ជាមួយគ្នានេះដែរ ប្រធានសាខាកាំកុងត្រូលខេត្ត បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណាដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕