(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយខ្លឹមសារ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ។
គួរជម្រាបថា កិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
លោក ឆាយ ឫទ្ធិសែន បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ក្នុងនោះមានរបៀបវារៈចំនួន៤ គឺ៖
១. ប្រកាសឱ្យអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១
២. ការរៀបចំសេចក្ដីព្រាងការបង្កើតក្រសួងអធិការកិច្ច
៣. ការរៀបចំសេចក្ដីព្រាងបង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែន
៤. របៀបរបបធ្វើការ និងការបែងចែកភារកិច្ច ថ្នាក់ដឹកនាំ ពីថ្នាក់ឧបនាយករដ្ឋមន្រ្ដី ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងពាក់ព័ន្ធនឹងការងារចំបាច់មួយចំនួនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបញ្ហាចម្បងដែលត្រូវធ្វើការកែលម្អ ជាពិសេសការរៀបចំរបៀបរបប និងវិន័យការងារ ដើម្បីជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕