(ភ្នំពេញ)៖ Facebook ដែលជាទូទៅគេស្គាល់ថា ជាបណ្ដាញទំនាក់ទំនងសង្គមដ៏ទូលំទូលាយមួយនៅលើពិភពលោក ហើយក៏ត្រូវបានគេចាត់ទុកថាជាបណ្ដាញសំរាប់ចែករំលែក និងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកដ៏ល្អបំផុតផងដែរនៅលើលោកយើងនេះ។
ដោយឡែកនៅកម្ពុជាយើង បណ្ដាញទំនាក់ទំនងសង្គម Facebook ក៏កំពុងក្លាយជាទីពេញនិយមបំផុតក្នុងការលេង និងទំនាក់ទំនងផ្ដល់ព័ត៏មានតាមបែបសាធារណៈឲ្យគ្នាទៅវិញទៅមក រហូតដល់អ្នកខ្លះញៀនលេង Facebook ស្ទើតែចង់ដូចអ្នកញៀនបារី ញៀនគ្រឿងញៀនទៅហើយ។ បច្ចុប្បន្ននេះ មិនថាតែយុវវ័យនោះទេ ដែលនាំគ្នាលេង Facebook សូម្បីតែចាស់ៗមិនចេះ អាយធី (IT)សោះ ក៏ខំចំណាយលុយទិញទូរស័ព្ទស្មាតហ្វូនភ្ជាប់អ៉ិនធឺណិត បញ្ចូលលុយឲ្យកូន ឬចៅបង្កើត Account Facebook លេងនឹងគេដែរ រហូតដល់នាយករដ្ឋមន្ត្រី ព្រះសង្ឃ ទៀតផង។
តាមពិតបណ្ដាញទំនាក់ទំនងសង្គម Facebook បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនលើសលប់ដល់អ្នកលេង ដូចជាងាយស្រួលធ្វើការទំនាក់ទំនងគ្នា ការទទួលបានព័ត៏មានពីសង្គម ពីសហគមន៍ និងពីពិភពលោកទាំងមូលបានលឿន គេអាចលេងទាញយកប្រយោជន៏លើផ្នែកសេដ្ឋកិច្ច និងចំណេះដឹង រួមទាំងអត្ថប្រយោជន៏ផ្សេងៗទៀតបានលឿន។ ប៉ុន្តែផ្ទុយមកវិញវាក៏ផ្ដល់ផលអាក្រក់ផងដែរ ប្រសិនបើអ្នកលេងមិនចេះលេង មិនយល់ពីរបៀបលេង និងលេងលើផ្លូវខុសជាដើម។ល។
បច្ចុប្បន្ននៅកម្ពុជាយើងមានអ្នកលេងច្រើន ហើយក៏មានអ្នកខ្លះលេងដោយទាញយកប្រយោជន៍បានត្រឹមត្រូវពីបណ្ដាញទំនាក់ទំនងសង្គមនេះ តែក៏មានអ្នកខ្លះលេងដើរលើផ្លូវខុសដោយមិនដឹងខ្លួន និងអ្នកខ្លះទៀតបានយកបណ្ដាញទំនាក់ទំនងសង្គមដ៏ទូលំទូលាយនេះ ទៅលេងបំរើផលប្រយោជន៍ទុច្ចរិតក៏មានដែរ។
* អ្នកលេង Facebook ក្នុងផ្លូវល្អ៖
អ្នកលេង Facebook ក្នុងផ្លូវល្អគឺគេទាញយកផលប្រយោជន៏ ពីការលែងនេះរួមមានដូចជា គេលេងដើម្បីធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារ ញាតិមិត្ត និងមិត្តភក្ដិ ការចែករំលែករូបថត និងព័ត៌មានឲ្យគ្នាទៅវិញទៅមក។ គេក៏អាចលេងចែករំលែកព័ត៌មាន និងរូបថតក៏ដូចជា ចំណេះដឹង និងបទពិសោធន៏ដែលយើងមានដើម្បីឲ្យសាធារណជនបានដឹងបានឃើញ។ ក្រៅពីនេះគេក៏អាចប្រើ Facebook លេងដើម្បីតាមដាន និងផ្សព្វផ្សាយព័ត៏មាន និងដំណឹងថ្មីៗ ស្រាវជ្រាវរកឯកសារ និងយកបណ្ដាញនេះទៅធ្វើការឃោសនានយោបាយ ធ្វើអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម លក់ដូរ រួមទាំងការលេងកំសាន្តបំបាត់ការនើយហត់ជាដើម។
* អ្នកលេង Facebook ក្នុងផ្លូវអាក្រក់៖
អ្នកលេង Facebook ខ្លះ មិនយល់ពីច្បាប់ មិនយល់ពីក្រមសីលធម៌ និងមិនយល់ពីអត្ថប្រយោជន៏នៃការលេង Facebook ហើយក៏មានអ្នកខ្លះយល់ហើយ តែនៅបំពានក៏នាំគ្នាយកបណ្ដាញសង្គមមួយនេះ ទៅប្រើលើផ្លូវខុស ដូចជាផ្សព្វផ្សាយព័ត៌មាន និងរូបភាពបំភ្លៃ បំភ្លើស និងព័ត៌មានមិនពិត ផ្សព្វផ្សាយរូបភាពអាសអាភាស ផ្សព្វផ្សាយព័ត៌មាន និងរូបភាពរំលោភទៅលើសិទ្ធិអ្នកដ៏ទៃ រហូតដល់អ្នកខ្លះបានប្រើវេទិកា Facebook យកទៅធ្វើការជេរបញ្ចោវាយប្រហារ ទៅលើអ្នកដ៏ទៃ ឬវាយប្រហារគ្នាបំរើឲ្យមហិច្ឆតានយោបាយផ្ទាល់ខ្លួន និងក្រុមបក្ខពួករបស់ខ្លួនក៏មានដែរ រហូតដល់អ្នកខ្លះថែមទាំងប្រើបណ្ដាញនេះ ប្រមាថទៅលើ ព្រះមហាក្សត្រ ដែលរដ្ឋធម្មនុញ្ញបានការពារ ការប្រមាថទៅលើព្រះសង្ឃ ទៅលើឥស្សរជន ឬបុព្វការីជន ចាស់ព្រឹទ្ធាចារ្យ រួមទាំងជេរប្រមាថកាតទាន ទៅលើអ្នកខ្លះដែលមានអាយុស្មើ យាយ តា ឬស្មើរឪពុកម្ដាយរបស់ខ្លួនថែមទៀត ធ្វើមើលតែអ្នកទាំងអស់នោះមានអាយុស្មើ ឬប្អូនខ្លួនឯង ដោយមិនគិតថា ខ្លួនឯងធ្វើបែបនេះល្មើសច្បាប់ ខ្វះសីលធម៌ គ្មានសុជីវធម៌ នៅពេលដែលខ្លួនឯងជាជាតិសាសន៏ខ្មែរកាន់ព្រះពុទ្ធសាសនា ដោយពួកគេគិតថា នេះគឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួនទៅវិញ។
សម័យទំនើបជឿនលឿនហើយ កូនខ្មែរទាំងឡាយល្មមជំរុះចោលនូវភាពអសីលធម៌ និងភាពគ្មានសុជីវធម៌ចោលឲ្យអស់ ជាពិសេសល្មមបញ្ចប់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដែលជាបណ្ដាញផ្សព្វផ្សាយសាធារណៈតាមផ្លូវខុស ដោយប្រើប្រាស់ភាសាជេរប្រមាថ ឬរូបភាពអាសអាភាស និងខ្វះសុជីវធម៌តទៅទៀត។
គេគួរតែនាំគ្នាប្រើប្រាស់បណ្ដាញសង្គមមួយនេះឲ្យមានផលចំណេញដល់ខ្លួនឯង ដល់ក្រុមគ្រួសារ និងចំណេញដល់សង្គមជាតិវិញទើបជាការប្រសើរ៕