(ភ្នំពេញ)៖ រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជាមួយនិងសម្ភារបរិក្ខាពេទ្យ នៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ។
ពីធីប្រគល់-ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។
នាឱកាសនោះលោក ឃួង ស្រេង ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៃសាលារាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ចំពោះការខិតខំប្រឹងប្រែង នៃការផ្តល់ជំនួយនិងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្ភារៈ និងបរិក្ខារជូនរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង មានជំនឿយ៉ាងមុតមាំថា ជំនួយនិងអំណោយដ៏មានតម្លៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សា ជាមួយនឹងចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យនិងមានតម្លៃទាំងអស់នេះ។
ជាថ្មីម្តងទៀត លោក ឃួង ស្រេង ក៏សូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការគាំទ្រដ៏សប្បុរសនេះ ហើយតាមរយៈជំនួយ និងកង្វល់របស់ម្ចាស់ជំនួយ នឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងផ្លូវអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕