(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងនិស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល និងបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យជាតិបាត់ដំបងជិត ១០០នាក់ ដឹកនាំដោយលោកស្រី ចាន់ សុខា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងលោក ណូ ស៊ីណាត ប្រធានដឺប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល និងលោក យន់ សុខា អនុប្រធានដេប៉ាតឺម៉ង់បច្ចេកវិទ្យា នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានចូលធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី ដើម្បីស្វែងយល់ពីវប្បធម៍ និងវិទ្យាសាស្ត្រ និងចំណេះដឹងផ្សេងៗជាច្រើនទៀត ជាពិសេសការអប់រំនៅប្រទេសរុស្ស៉ី។
សូមជម្រាបថា សាកលវិទ្យាល័យជាតិបាត់ដំបង គឺជាសាកលវិទ្យាល័យរដ្ឋដ៏ធំមួយស្ថិតនៅក្នុងតំបន់ភូមិភាគពាយ័ព្រនៃប្រទេសកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតកាសាងសង់ដោយសម្តេចក្រឡាហោម ស ខេង ដើម្បីផ្តល់ឱកាសឱ្យសិស្សនុសិស្សរស់នៅក្នុងតំបន់ជនបទ ជាពិសេសនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា អាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាក៏ដូចអភិវឌ្ឍន៍សហកមន៍របស់ពួកគេ និងដើម្បីកាត់បន្ថយគម្លាតចំណេះដឹងរវាងប្រជាជនទីក្រុង និងជនបទ។ សាកលវិទ្យាល័យមានកាបណ្តុះបណ្តាលទៅលើជំនាញចំនួន ៣៩ ដោយក្នុងនោះមានចំនួន ៥មហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន១។
នៅក្នុងឱកាសទទួលស្វាគមន៍និស្សិតនាពេលនោះលោកស្រី Irina Tsatsulina នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ទៅកាន់និស្សិត ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួម ក្នុងនោះលោកស្រីបានបង្ហាញអំពីតួនាទី និងបេសកកម្មរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី នៅកម្ពុជា លើវិស័យផ្សព្វផ្សាយវប្បធម៌ វិទ្យាសាស្ត្រ ពិសេសការអប់រំនៅប្រទេសរុស្ស៉ី។
ក្នុងបឋកថា STUDY IN RUSSIA លោកស្រី Natalia Livetseva ក៏បានប្រាប់អំពីការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យកំពូលៗរបស់រុស្ស៉ី ដែលមុខជំនាញសិក្សាមានជាច្រើនដូចជា ផ្នែកវេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ សំណង់ ស្ថាបត្យកម្ម ព័ត៌មានវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្ត្រនយោបាយ ច្បាប់ ទំនាក់ទំនងអន្តរជាតិ ថាមពលនុយក្លេអ៊ែរស៊ីវិល សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត។ រដ្ឋាភិបាលសហព័ន្ធរុស្ស៉ីតែងផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ។ ដោយឆ្នាំ២០២៣-២០២៤ មានចំនួន៤០ កន្លែង ប្រៀបជាមួយឆ្នាំមុនមានតែ២០កន្លែង។
បើតាមការបញ្ជាក់ សាកលវិទ្យាល័យជាតិបាត់ដំបង និងធ្វើការសិក្សាអំពីការបញ្ជូននិស្សិតទៅបន្តការសិក្សានៅប្រទេសរុស្ស៉ី លើមុខវិជ្ជា IT និងសំណង់ស៊ីវិល យោងតាមអនុសារណនៃការយោគយល់គ្នា ដែលបានចុះរវាងសកលវិទ្យាល័យជាតិបាត់ដំបង និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី កាលពីដើមឆ្នាំ២០២៣។ ក្រៅពីនោះមជ្ឈមណ្ឌលបានដើរតួជាស្ពានទំនាក់ទំនងរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យរុស្ស៉ីក្នុងការផ្លាស់ប្តូរនិស្សិតផងដែរ។
បើតាមលោក ណូ ស៊ីណាត បានឱ្យដឹងដែរថា គោលបំណងដែល ថ្នាក់ដឹកនាំ ព្រមទាំងលោកដឹកនាំក្រុមនិស្សិតចូលធ្វើទស្សនកិច្ចមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៉ី គឺដើម្បីឱ្យនិស្សិត បានស្វែងយល់ពីវប្បធម៍ និងវិទ្យាសាស្ត្រ និងចំណោះដឹងផ្សេងៗជាច្រើនទៀត ជាពិសេសការអប់រំនៅប្រទេសរុស្ស៉ី ដើម្បីផ្តល់ឱកាសឱ្យនិស្សិតអាចសិក្សាស្វែងយល់បន្ថែម ដើម្បីត្រៀមខ្លួនអាចទៅបន្តការសិក្សានៅប្រទេសរុស្ស៉ី លើជំនាញណាមួយដែលក្រុមនិស្សិតចង់រៀន ជាពិសេសទៅលើជំនាញវិស្វកម្មសំណង់ស៊ីវិល និងជំនាញបច្ចេកវិទ្យាព័ត៌មាន៕