(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៦នាក់ ប្រដាប់ដោយកាំភ្លើងធ្វើសកម្មភាព៣ដើម រថយន្តមួយគ្រឿង ដែលតែងតែប្លន់កក្រើកនៅតាមបណ្តាខេត្តនោះ ហើយត្រូវបានបង្ក្រាបនៅទឹកដីឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលនោះ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ មុនបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត តាមនីតិវិធី។
យោងតាមរបាយការណ៍របស់នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រុមចោរទាំងនេះ បានធ្វើសកម្មភាពប្លន់ចំនួន១០លើកមកហើយ នៅខេត្តចំនួន៧ រួមមាន ខេត្តព្រៃវែង ២លើក ខេត្តកំពង់ឆ្នាំង ២លើក ខេត្តតាកែវ២លើិក ខេត្តក្រចេះ១លើក ខេត្តកំពង់ចាម១លើក ខេត្តត្បូងឃ្មុំ១លើក និងខេត្តកណ្តាល១លើក។
របាយការណ៍បានបញ្ជាក់ទៀតថា ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងមុនពេលដែលពួកវាគ្រោងចូលប្លន់ នៅផ្ទះលក់មាស លក់សាំង និងផ្ទេរលុយ Wing តាមផ្លូវចូលវត្តធន់មន្ត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ដោយធ្វើឡើងនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយក្នុងប្រតិបត្តិការនោះ បានបាញ់ម្នាក់បណ្តាលឲ្យបាក់ជើងផងដែរ។
ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងនគរបាលជាតិទទួលផែនយុត្តិធម៌ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួនទៀត។
ខាងក្រោមនេះគឺជាសង្ខេបចម្លើយសារភាព សកម្មភាពប្លន់ ១០លើក ០៧ ខេត្តរួមមាន៖
១. ខេត្តព្រៃវែង ០២លើក
-(ថ្ងៃទី២៧.០៣.២០១៥ ភូមិដូនយូ ឃំុ ជីខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង)
-(ថ្ងៃទី២៩.០៤.២០១៦ ភូមិព្រែកពោធិ ឃំុ រំលិច ស្រុកសីុធរកណ្ដាល ខេត្តព្រៃវែង)
២. ខេត្តកំពង់ឆ្នាំង ០២លើក
-(ថ្ងៃទី២១.១០.២០១៤ ផ្សារព្រៃខ្មែរ ភូមិ ព្រៃខ្មែរ ឃំុរលាផ្អៀ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង)
-(ថ្ងៃទី៣១.០៧.២០១៦ ភូមិរ៉ា ឃំុត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង)
៣. ខេត្តតាកែវ ០២លើក
-(ថ្ងៃទី០៥.០៥.២០១៥ ភូមិ ឃំុ ស្រុកទ្រាំង ខេត្តតាកែវ)
-(ថ្ងៃទី០៩.០៧.២០១៥ ភូមិសីហា ឃំុ ចំបក់ ស្រុកបាទី ខេត្តតាកែវ)
៤. ខេត្តក្រចេះ ០១លើក
(ថ្ងៃទី២៤.០៧.២០១៦ ភូមិត្រពាំងស្រែ ឃំុ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ)
៥. ខេត្តត្បូងឃ្មុំ ០១លើក
(ថ្ងៃទី២៨.០៧.២០១៦ ភូមិដា ឃំុ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ)
៦.ខេត្តកំពង់ចាម ០១លើក
(ថ្ងៃទី២៦.០៥.២០១៦ ភូមិពង្រ ឃំុ ស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម)
៧. ខេត្តកណ្ដាល ០១លើក, បង្ក្រាប ចាប់ខ្លួន ០៦នាក់ ពេលកំពុងដើរមើលរកទីតាំងប្លន់
(ថ្ងៃទី០៤.០៨.២០១៦ ភូមិអំពិលលាស់ ឃំុ ក្រាំងយ៉ូង ស្រុកស្អាង ខេត្តកណ្ដាល)៕