(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ករណីលួចនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន២នាក់ ដោយម្នាក់បាត់ទូរស័ព្ទ ក្នុងពេលដាក់សាកថ្មនៅកន្លែងធ្វើការ។

ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លេង បាត់ អាយុ១៨ឆ្នាំ រួមទាំងដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន២គ្រឿង ដែលរូបគេបានលួច និងគ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លា១កញ្ចប់តូច នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទម៉ាក IPHONE 8PLUS ពណ៌ខ្មៅ ១គ្រឿង និងទូរសព្ទម៉ាក VIVO Y16 ពណ៌ខ្មៅ ១គ្រឿង របស់ដើមបណ្ដឹងទាំងពីរនាក់ខាងលើពិតប្រាកដមែន ហើយរូបខ្លួនកន្លងមកនៅកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់ជាប់គុកនៅខេត្តបន្ទាយមានជ័យ ចំនួន២ឆ្នាំដែរ ពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងតំណាងអយ្យការ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថ ជនសង្ស័យឈ្មោះ លេង បាត់ ត្រូវបានកម្លាំងកាយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ចំណែកទូរស័ព្ទទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញប្រគល់ជូនម្ចាស់ដើមវិញហើយ៕