Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល យកផ្ទាំង​ចំណាំងផ្លាត បិទកង់ ម៉ូតូ និងគោយន្ត របស់ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះធំ

07-08-2016 10:14

(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦ នេះ បាននាំយកផ្លាកសុវត្ថិភាព (ផ្ទាំងចំណាំងផ្លាត) ទៅបិទ​លើកង់សិស្សតាមសាលារៀន ម៉ូតូ និងគោយន្តកន្រ្តៃយ៍នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមបណ្តាឃុំនានា ក្នុងស្រុកកោះធំ សរុបប្រមាណជា ១ពាន់គ្រឿង ដើម្បីចូលរួមចំណែក​កាត់បន្ថយ​​​គ្រោះថ្នាក់ចរាច​ណ៍នៅ​ពេលរាត្រី។

ជាមួយនិងការបិទផ្ទាំងចំណាំងផ្លាតតាមកង់សិស្ស និងគោយន្តរបស់ប្រជាពលរដ្ឋហើយ លោក ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឲ្យសិស្សៗ ក៏ដូចជាម្ចាស់គោយន្តបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងចូលរួម​ស្វែងយល់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីគាំពារជីវិតឲ្យចាកផុត ពីគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យបាត់បង់ជីវិត និង នាំមកនូវភាពសោកសៅ និង វិប្បដិសារីនៅក្នុងគ្រួសារ។

ការបិទផ្ទាំងចំណាំងផ្លាតនៅព្រឹកថ្ងៃអាទិត្យ ធ្វើបានប្រមាណជាពីរ ទៅបីឃុំតែប៉ុណ្ណោះ តែលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងយុទ្ធនាការនេះនឹងបិទឲ្យគ្រប់ឃុំទាំងអស់ ទូទាំងស្រុកកោះធំ។

ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ ដែលតែងផ្តាច់ផ្តិលជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនោះ គេសង្កេតឃើញផងដែរថា គ្រោះថ្នាក់ចរាចរណ៍ មួយចំនួន ដែលបានកើតឡើងនៅតាមទីជនបទ គឺបណ្តាល​មកពីយាន​យន្តមួយចំនួន ដូចជាគោយន្តកែច្នៃ និង កង់របស់ប្រជាពលរដ្ឋមិនមានផ្ទាំងចំណាំងផ្លាតនៅពីក្រោយ ជាហេតុនាំឲ្យអ្នកបើកយានយន្តផ្សេងៗនៅពីក្រោយ មើលឃើញពេលយប់ងងឹត ហើយក៏ជ្រុលទៅបុកតែម្តង។

ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បែបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីបើកសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែសីហា បានប្រកាសដាក់ចេញយុទ្ធនាការបិទផ្ទាំងចំណាំងផ្លាត ដែលសម្តេចឲ្យ ហៅថាជាផ្លាកសុវត្ថិភាពនោះ ប្រមាណ ៣,៤លានសន្លឹកនៅតាមទីជនបទគ្រប់បណ្តាខេត្ត។  

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្រ្តីមូលដ្ឋានទាំងអស់ ត្រូវយកផ្ទាំងចំណាំងផ្លាតនេះ ទៅបិទដល់លំនៅឋានរបស់ប្រជាពល រដ្ឋ ដោយមិនត្រូវកោះហៅប្រជាពលរដ្ឋមកបិទនោះឡើយ។ សម្តេចតេជោ បញ្ជាក់ទៀតថា ផ្ទាំងចំណាំងផ្លាតនេះ គឺបិទជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ហើយបើមានមន្រ្តីមូលដ្ឋានណាម្នាក់ហ៊ានយកលុយពីការបិទនេះ នឹងត្រូវប្រឈមចំណាត់ការដោយផ្ទាល់ពីសម្តេចតេជោតែម្តង៕

រូបភាពដោយ៖ លោក លី ត្រាំរតនៈ