(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានជួបជាមួយលោកឧត្ដមសេនីយ៍ទោ ផាក់ណា ខ្លែវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើអាស៊ាន។ ពិធីដាំដើមឈើអាស៊ានប្រចាំឆ្នាំ២០២៣ នៅទីធ្លាសាធារណៈចំណុចកណ្តាលរបស់ភូមិខៅចុងខាប ក្រុមទី១២ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ពិធីដាំដើមឈើអាស៊ាន តាមបន្ទាត់ព្រំដែននៅក្នុងគម្រោងការពារព្រៃឈើអាស៊ាន ប្រចាំឆ្នាំ២០២៣ គឺដើម្បីជាការរអភិរក្សធនធានព្រៃឈើធម្មជាតិ ឲ្យមានចីរភាព ក៏ដូចជាការតភ្ជាប់ព្រៃឈើរបស់ថៃ ជាមួយកម្ពុជា ឲ្យក្លាយទៅជាព្រៃឈើតែមួយជាមួយគ្នា។

លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ការដាំដើមឈើរួមគ្នា គឺជាសក្ខីភាពមួយបង្ហាញនូវការវិវឌ្ឍន៍ ជាវិជ្ជមានក្នុងភាពជាដៃគូ និងចំណងមិត្តភាពដ៏ល្អប្រពៃណីរវាងប្រទេសយើងទាំងពីរ ស្របតាមមាគ៌ាជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជាតាមស្មារតី នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគកម្ពុជា-ថៃ លើកទី២៩ កន្លងមកថ្មីៗនេះ ការដាំដើមឈើអាស៊ានតាមបន្ទាត់ព្រំដែន។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបន្ថែមថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតនូវការការពារ ជីវិតមនុស្ស ជីវិតសត្វ និងបង្កើតនូវអេកូឡូហ្សី ព្រមទាំងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលកើតនៅតាមបរិវេណព្រំដែនរបស់ប្រទេសទាំងពីរ ក៏ដូចជាការឆ្លើយតបទៅនឹងការប្រឈមជាមួយគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ៕