(ភ្នំពេញ)៖ លើកឡើងនៅក្នុងកិច្ចប្រជុំ B2B រវាងក្រុមហ៊ុនព័ត៌មានវិទ្យារបស់ឥណ្ឌា និងសមភាគីកម្ពុជា ភាគីទាំង២ បានប្តេជ្ញាខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកម្ពុជា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យព័ត៌មានវិទ្យា។

កិច្ចប្រជុំ B2B បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានកាចូលរួមពីលោក Ashwani Kumar Rath ប្រធានគណៈប្រតិភូក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញ កម្មវិធីអេឡិចត្រូនិក និងកុំព្យូទ័រ (ESC) លោក ស៊ុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកឧកញ៉ាបណ្ឌិត ឈិន ខេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា (CDTA) រួមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។

លើកឡើងនាឱកាសនោះលោក Ashwani Kumar Rath បានគូសបញ្ជាក់ពីការបោះជំហានដ៏សំខាន់របស់ប្រទេសឥណ្ឌា ក្នុងការប្រែក្លាយខ្លួនជាឌីជីថល តាមរយៈបេសកកម្ម "Digital India" របស់ខ្លួន។ លោកបន្តថា ដំណើររបស់ឥណ្ឌានឹងបង្កើតសមត្ថភាព និងការទាមទារដែលនឹងបើកឱកាសសំខាន់ៗសម្រាប់ដៃគូជិតស្និទ្ធដូចជាប្រទេសកម្ពុជា ដើម្បីចូលរួម និងទទួលបានអត្ថប្រយោជន៍ពីរឿងកំណើនរបស់យើង។

លោកបន្ថែមថា ESC ដែលមានគណៈប្រតិភូចំនួន ១៥នាក់ ជាមួយនឹងអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាផ្សេងៗ ហើយមានគោលបំណងបង្កើតភាពស៊ីសង្វាក់គ្នានៃការរីកចម្រើនជាមួយគ្នា៖ ជួបផ្សាភ្ជាប់ និងលូតលាស់។ ការជួបពាណិជកម្មនេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រឹង ការចូលរួមទាំងនេះជាមួយប្រទេសកម្ពុជា និងជួយសម្រួលដល់ការកសាងទំនាក់ទំនងរយៈពេល វែងរវាងសេដ្ឋកិច្ចប្រទេសទាំង២។

លោកស្រីបណ្ឌិត Devyani Khobragade បានឱ្យដឹងដែរថា ប្រទេសឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយដ៏កក់ក្តៅ និងស្និទ្ធស្នាល ដែលអាចជួយសម្រួលដល់ភាពជាដៃគូពាណិជ្ជកម្មនិងចំណងមិត្តភាព។ ដោយមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ភាគីទាំងពីរកំពុងធ្វើការលើ សន្ធិសញ្ញាវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានរៀបរាប់លម្អិតអំពីគំនិតផ្តួចផ្តើមផ្សេងៗ រួមទាំងប្រទេសឥណ្ឌាបង្កើតមជ្ឈមណ្ឌលឧត្តមភាពក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលកម្មវិធីនៅកម្ពុជាដែលជាគម្រោងសាកល្បងលើមជ្ឈមណ្ឌលសេវាកម្មរួម ដើម្បីជួយសម្រួលដល់ការធ្វើឌីជីថលនៃសេវារដ្ឋាភិបាលផ្សេងៗ នៅថ្នាក់ភូមិ។ លោកស្រីបានបន្ថែមថា ការងាររួមត្រូវបានបង្កើតឡើងដើម្បីដោះស្រាយឧបសគ្គណាមួយ ដែលកំពុងជួបប្រទះដោយធុរកិច្ចពីភាគីទាំងពីរ ហើយកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីបង្កើត ក្រុមប្រឹក្សាធុរកិច្ចរួមមួយ ដើម្បីជួយសម្រួលដល់គំនិតផ្តួចផ្តើម ដែលដឹកនាំដោយវិស័យឯកជន។

លោកស្រីឯកអគ្គរដ្ឋទូត បានបន្ថែមថា ប្រទេសឥណ្ឌានិងកម្ពុជាកំពុងធ្វើការឆ្ពោះទៅរកការភ្ជាប់ប្រព័ន្ធ ទូទាត់ដែលអាចឱ្យការទូទាត់តាម UPI នៅក្នុងប្រទេសកម្ពុជា។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់សម្រាប់ការសម្របសម្រួលធុរកិច្ច ហើយកិច្ចខិតខំប្រឹងប្រែងបំផុតកំពុងដំណើរការសម្រាប់ការបង្កើតការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់រវាងប្រទេសឥណ្ឌា និងកម្ពុជា។

លោក ស៊ុន សេងហួត បានឱ្យដឹងដែរថា ប្រទេសកម្ពុជាបានគាំទ្រគោលនយោបាយយុទ្ធសាស្ត្រជាច្រើន ក្នុងការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមមាន សេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល ពាណិជ្ជកម្មឌីជីថល ការចុះឈ្មោះតាមអ៊ីនធឺណិតសម្រាប់ ឧស្សាហ៍កម្ម និងសហគ្រាស និងលើកកម្ពស់បច្ចេកវិទ្យាសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច។ លោកបានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌា និងគណៈប្រតិភូដែលមកទស្សនកិច្ច ដែលបានរៀបចំកិច្ចប្រជុំដើម្បីនាំយកអ្នកប្រតិបត្តិអាជីវកម្មរួមគ្នា ដើម្បីចែករំលែកជំនាញ និងចំណេះដឹង។

លោក សូ វិសុទ្ធី បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សម្រាប់ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ដើម្បីលើកកម្ពស់ការអនុម័ត និងការផ្លាស់ប្តូរឌីជីថល បង្កើនល្បឿនកំណើនសេដ្ឋកិច្ចថ្មី កសាងរដ្ឋាភិបាលឌីជីថល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងរួមបញ្ចូល។

លោកបានបន្ថែមថា គោលដៅយុទ្ធសាស្ត្រមួយនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា គឺលើកកម្ពស់ភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន។ លោកបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងវិស័យព័ត៌មានវិទ្យា និងបានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងផ្តល់ឱ្យក្រុមហ៊ុនពីប្រទេសកម្ពុជា និងឥណ្ឌានូវ ឱកាសមួយក្នុងការតភ្ជាប់សហប្រតិបត្តិការ ស្វែងរកដៃគូដែលមានសក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនងផ្នែកព័ត៌មានវិទ្យារវាងប្រទេសឥណ្ឌា និងកម្ពុជាឱ្យកាន់តែរឹងមាំ ក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញកម្មវិធីអេឡិចត្រូនិកនិងកុំព្យូទ័រ (ESC) បានអញ្ជើញគណៈប្រតិភូដ៏ធំមួយពីប្រទេសកម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាសម្រាប់ព្រឹត្តិការណ៍ INDIASOFT 2024 ដែលជាព្រឹត្តិការណ៍បណ្តាញព័ត៌មានពិភពលោកដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌាដែលនឹងប្រារព្ធឡើងនៅទីក្រុង New Delhi ប្រទេសឥណ្ឌា ក្នុងអំឡុងពេលពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ INDIASOFT 2024 ដែលរួមមានការតាំងពិព័រណ៍ និងសន្និសិទអន្តរជាតិ មានគោលបំណងជួយសម្រួលដល់ការបណ្តាក់ទុនរួមគ្នា កិច្ចសហការ និងសម្ព័ន្ធភាពជាយុទ្ធសាស្ត្រសម្រាប់ការចេញរកស៊ី ជាមួយអ្នកទិញនៅក្រៅប្រទេស។ ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការពង្រីក ចក្ខុវិស័យរបស់ពួកគេ និងបង្កើតភាពជាដៃគូអាជីវកម្ម។ ESC បានពាំនាំថា ខ្លួននឹងរីករាយក្នុងការទទួលស្វាគមន៍ប្រតិភូមកពីប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធី INDIASOFT 2024៕