(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានកំណត់បញ្ហាចំនួន៥ ជាបញ្ហាប្រឈមអាទិភាពនៅក្នុងសង្គមកម្ពុជា ដែលទាមទារឱ្យដាក់ចេញវិធានការគន្លឹះសម្រាប់ដោះស្រាយនៅក្នុងនីតិកាលទី៧នេះ។ បញ្ហាទាំង៥នោះរួមមាន៖ រដ្ឋបាលសាធារណៈ, សេវាសុខាភិបាល, អប់រំ, ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០២៣ ទន្ទឹមនឹងការបង្ហាញ «គោលនយោបាយបច្ចកោណ-ដំណាក់កាលទី១» ហើយនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចថា បញ្ហាទាំង៥ដូចរៀបរាប់ខាងលើនេះ ជាបញ្ហាអាទិភាព ដែលត្រូវដាក់ចេញវិធានការក្នុងការដោះស្រាយ។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហាញពីវិធានការដោះស្រាយលើបញ្ហាទាំង៥នេះ ដូចខាងក្រោម៖
១៖ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ៖ ផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្ដែងរួមមាន៖ ទី១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និងប្រសិទ្ធភាព; ទី២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ, សីលធម៌ វិជ្ជាជីវៈ,ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព; និងទី៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព។
២៖ ការលើកកម្ពស់គុណភាពអប់រំ៖ ផ្តោតសំខាន់លើការពង្រឹងគុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សា តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការ គន្លឹះជាក់ស្ដែង រួមមាន៖ ទី ១) ការពង្រឹងអភិបាលកិច្ចសាលា, ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅ តាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣) ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា-អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» Public-Community Partnership for Education (PCPE)។
៣៖ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល៖ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែងរួមមាន ៖ ទី១) ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយយកចិត្តទុកដាក់លើការ ពង្រាយបុគ្គលិកគ្រប់ចំនួន ដែលមានក្រមសីលធម៌ល្អ និង ទទួលបានការបណ្តុះ បណ្ដាលត្រឹមត្រូវ, ការផ្គត់ផ្គង់ឱសថ, សម្ភារបរិក្ខា និងការបំពាក់ឧបករណ៍ពេទ្យ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាលឌីជីថល, ទី២) អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជន ឱ្យកាន់តែមានភាពឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន និងទី៣) កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
៤៖ ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ ផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
៥៖ ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៖ ផ្តោតការយកចិត្តទុកដាក់ជាពិសេសលើកិច្ចការជាអាទិភាពសំខាន់ចំនួន៣ គឺ៖ ទី១) ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, ទី២) ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណ ភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងទី៣) ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព, សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕