(ព្រះវិហារ)៖ ច្រកព្រំដែនកម្ពុជា-ថៃ អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើរការឲ្យប្រជាពលរដ្ឋចេញ-ចូល វិញហើយ ក្រោយភាគីថៃបិទកាលពីសប្ដាហ៍មុន។
លោក ចិន ខន្តី ប្រធានច្រកព្រំដែនអានសេះរបស់កម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះថា សកម្មភាពប្រជាពលរដ្ឋចេញ-ចូល ច្រកព្រំដែនអានសេះបានប្រព្រឹត្តទៅដោយធម្មតានៅព្រឹកនេះ។
លោកថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ភាគីថៃបានបិទច្រកព្រំដែនអានសេះ មិនឲ្យប្រជាពលរដ្ឋចេញ-ចូលនោះទេ ដែលនាំឲ្យមានប្រតិកម្មពីប្រជាពលរដ្ឋ ពិសេសអាជីវករដែលនាំផល អនុផលព្រៃឈើទៅលក់ក្នុងផ្សារថៃ។
ក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋ ពិសេសអាជីវករខ្មែរដែលរកសុី ចេញ ចូល ច្រកព្រំដែនអានសេះ អាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយលោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងលោក ណុប វុទ្ធី អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកប្រធានច្រកព្រំដែនអានសេះ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យស្ថានភាពច្រកព្រំដែនអានសេះ ក្នុងគោលបំណងស្វែងរកដំណោះស្រាយជូនអាជីវករ ជាលទ្ធផលថៃបានយល់ព្រមបើកឲ្យដំណើរការច្រកព្រំដែនអានសេះ ក្នុង១សប្តាហ៍ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។
លោកប្រធានច្រកបានអះអាងថា ក្រោយវិបត្តិជំងឺកូវីដ១៩ ច្រកព្រំដែនអានសេះ ត្រូវបានបើកដំណើរការចេញ-ចូល ឡើងវិញ ដោយក្នុង១សប្តាហ៍ បើកឲ្យដំណើរការចេញ-ចូល ចំនួន៣ថ្ងៃ គីថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ប៉ុន្តែពេលនេះភាគីថៃ បានបើកឲ្យដំណើរការចេញ-ចូល ក្នុង១សប្តាហ៍រយៈពេល២ថ្ងៃវិញ ដែលករណីនេះដោយសារក្រសួងមហាផ្ទៃនៃប្រទេសថៃ បានណែនាំមកអាជ្ញាធរខេត្តអ៊ូប៊ុនរាជធានីថៃ ឲ្យបើកច្រកតំបន់នៅតាមព្រំដែន តែរយៈពេល២ថ្ងៃ ក្នុង១សប្តាហ៍៕