(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុប ប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា មុននឹងចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហគមន៍អ៊ឺរ៉ុប ដែលបានក្លាយជាផ្នែកមួយដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិក នៃសហគមន៍អ៊ឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសហគមន៍អ៊ឺរ៉ុបតាមរយៈគម្រោងសកលរបស់សហភាពអឺរ៉ុប ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ» លើកទី៣ គ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហការជាមួយ ISU-APMBC និងមានគណៈប្រតិភូប្រមាណជាង ៤០ ប្រទេសចូលរួម។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំបន្ថែមឲ្យសហគមន៍អ៊ឺរ៉ុបជួយដល់អាជ្ញាធរមីន ក្នុងការអនុវត្តសកម្មភាពបញ្រ្ជាបយែនឌ័រក្នុងវិស័យសកម្មភាពមីន និងការសិក្សាអំពីគុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលរហូតមកដល់ពេលនេះអាជ្ញាធរមីន បានបញ្ជប់ការសិក្សាវាយតម្លៃបានជាង ១០០០០នាក់រួចមកហើយ៕