(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជនដល់និយ័តករមូលបត្រកម្ពុជា ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និង ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា។

ពិធីនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា មន្ត្រីនិយ័តករមូលបត្រកម្ពុជា និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា។

ក្នុងឱកាសនោះ ឧកញ៉ា គួន ធីតា បានមានមតិស្វាគមន៍ថា «មន្ទីរពេទ្យអន្តរជាតិអរៀនដា យើងខ្ញុំផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើនដូចជា៖ ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី កុមារ ជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ ផ្នែកជំងឺធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ២៤ ម៉ោង និងសេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែក មួយទៀតដែលជាផ្នែកថ្មី និងដំបូងបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា គឺផ្នែកប្រឆាំងភាពចាស់ ដែលយើងខ្ញុំមានក្រុមគ្រូពេទ្យជំនាញ មកពីបរទេស ដែលនឹងធ្វើការស្វែងរកភាពមិនប្រក្រតី និងអតុល្យភាពក្នុងរាងកាយអ្នកជំងឺ បន្ទាប់មកគ្រូពេទ្យនឹងរៀបចំវីតាមីនទៅតាមអាការៈអ្នកជំងឺ ដើម្បីឲ្យអ្នកជំងឺមានសុខភាពល្អទប់ស្កាត់ជំងឺ និងកាត់បន្ថយភាពចាស់»

ឧកញ៉ា គួន ធីតា បានបញ្ជាក់បន្ថែមថា នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា មានបន្ទប់សម្រាកសរុបចំនួន ១១១បន្ទប់។ ហើយអាគារនៃមន្ទីរពេទ្យ អន្តរជាតិអរៀនដា បានសាងសង់ឡើងស្របតាមរចនាបទតាមបែបអាផាតមិន ដើម្បីផ្តល់ជូនអតិថិជនដែលមកពិនិត្យ ព្យាបាល និងសម្រាកមានអារម្មណ៍កក់ក្តៅ ផាសុកភាព ប្រៀបដូចជាកំពុងសម្រាកនៅផ្ទះរបស់ខ្លួនអញ្ចឹង។

ចំណែកឯ តម្លៃនៃការសម្រាលកូនដោយធម្មជាតិ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា គឺមានតម្លៃចាប់ពី ១០៩៩ដុល្លារតែប៉ុណ្ណោះ ដែលអតិថិជននឹងទទួលបាននូវកញ្ចប់សម្រាលដោយធម្មជាតិ ដ៏មានសុវត្ថិភាព គុណភាព និងផាសុខភាព ដែលមានវេជ្ជបណ្ឌិតឯកទេស និងគិលានុបដ្ឋាយិកាជំនាញ ចូលរួមសម្រាលកូនរហូតដល់ ០៩នាក់ ហើយអតិថិជន និងទទួលបានការថែមជូនដោយឥតគិតថ្លៃនូវ កញ្ចប់ពិនិត្យសុខភាពទូទៅ,កញ្ចប់ពិនិត្យសុខភាពកុមារ និងកញ្ចប់ប្រឹក្សាអាហារូបត្ថម្ភ រាល់ពេលដែលអតិថិជនជាវកញ្ចប់សម្រាលនេះ។

ចំពោះតម្លៃសេវាកម្មនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា, ឧកញ៉ា គួន ធីតា បានឆ្លើយតបឲ្យប្រជាពលរដ្ឋដឹង ដោយបញ្ជក់ច្បាស់ៗថា «ពិតប្រាកដណាស់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាមន្ទីរពេទ្យឯកជនធំមួយក្នុងចំណោមមន្ទីរពេទ្យផ្សេងៗ ដែលមានស្តង់ដាអន្តរជាតិពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះតម្លៃបើធៀបទៅនឹងមន្ទីរពេទ្យគូប្រកួតប្រជែង ឬក៏មន្ទីរពេទ្យនៅប្រទេសជិតខាង ខ្ញុំអាចធានាបានថា នៅទីនេះ តម្លៃរបស់យើងគឺ សមរម្យជាងគេបំផុត សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុក»

ដូចដែលលោកស្រីឧកញ៉ា បានបញ្ជាក់ គឺចង់ឲ្យប្រជាពលរដ្ឋទទួលបានសេវាកម្មដែលមានស្តង់ដារអន្តរជាតិនៅក្នុងស្រុក ដោយមិនចាំបាច់ ចំណាយច្រើនក្នុងការចេញទៅក្រៅប្រទេស គឺអាចទទួលយកសេវាកម្មមួយដ៏ល្អ មានសុវត្ថិភាព និងទំនុកចិត្តនៅទីនេះដោយផ្ទាល់។ ឧកញ៉ា គួន ធីតា មានចក្ចុវិស័យដែលចង់ឲ្យប្រជាជនខ្មែរទទួលបានសេវាកម្មដែលមានស្តង់ដាអន្តរជាតិ ដោយមិនចាំបាច់ ចំណាយច្រើនទៅក្រៅប្រទេសដើម្បីទទួលការព្យាបាល។

ជាពិសេស ពីថ្ងៃនេះរហូតដល់ចុងខែសីហានេះ ចំពោះសេវាកម្មពិនិត្យសុខភាពទូទៅ មន្ទីរពេទ្យអន្តរជាតិអរៀនដា កំពុងមានការផ្តល់ជូនការបញ្ចុះតម្លៃពិសេស ៥០% ដោយអតិថិជនចំណាយត្រឹមតែ ២០០ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបានកញ្ចប់ពិស្តារ មានការពិនិត្យរហូតដល់ ២៧មុខងារ នៃសារពាង្គកាយ និងជួបពិគ្រោះសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញជនជាតិបរទេស មានបទពិសោធន៍រហូតដល់ ២០ឆ្នាំ ហើយការបកប្រែលទ្ធផលថត គឺធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរី។

ជាកិច្ចបន្ទាប់ លោក ស៊ូ សុជាតិ ក៏បានមានមតិសំណេះសំណាល និងលើកឡើងថា លោកពិតជាមានសេចក្តីសោមន្សរីករាយណាស់ ក្នុងការសហការជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលជាមន្ទីរពេទ្យឯកជនដ៏ធំមួយមានស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ ការសហការនេះ មិនមែនត្រឹមតែផ្តល់ជូនពិសេសលើសេវាកម្មសុខាភិបាលឯកជន សម្រាប់តែនិយ័តករមូលបត្រកម្ពុជានោះទេ គឺសម្រាប់មន្រ្ដីនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទាំងអស់តែម្ដង។

ជាកិច្ចបញ្ចប់ លោកអគ្គនាយក បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ាប្រធានក្រុមប្រឹក្សានៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលបានផ្តល់កញ្ចប់លើសេវាសុខភាព ជូនថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា និងមន្ត្រី៕