(ភ្នំពេញ)៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹងរៀបចំកម្មវិធី សិក្ខាសាលា «ស្ដីអំពីការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ១៩» នៅថ្ងៃទី២៥ សីហា ឆ្នាំ២០២៣ស្អែកនេះ ដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាពម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

សិក្ខាសាលា «ស្ដីអំពីការអភិវឌ្ឍន៍អាជីវកម្ម ក្រោយបរិបទកូវីដ១៩» ត្រូវបានរៀបចំឡើង នៅសាលា​រាជធានីភ្នំពេញ ដោយមិនយកកម្រៃពីអ្នកចូលរួមឡើយ ដើម្បីផ្ដល់នូវចំណេះដឹង និងអត្ថប្រយោជន៍ ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅទូទាំងប្រទេសកម្ពុជា បានស្វែងយល់ពីរបៀប ការលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ព្រមជាមួយគ្នា អ្នកចូលរួមនឹងទទួលបានព័ត៌មានទាក់ទង និងបទប្បញ្ញាត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា និង ប្រឈមនានាក្នុងអាជីវកម្ម ដើម្បីយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

សូមជម្រាបថា កន្លងមក សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានសហការជាមួយ FASMEC តែងតែរៀបចំរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍ អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តមួយចំនួន ដូចជានៅសៀមរាប កណ្តាលជាដើម ដោយមានការអញ្ជើញចូលរួម ពីម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាច្រើននាក់។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អំពាវនាវដល់ ម្ចាស់សហគ្រាសនៅរាជធានីភ្នំពេញទាំងអស់ ចូលរួមសិក្ខាសាលានេះឱ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងពីការធ្វើអាជីវកម្ម ដើម្បីជាមូលដ្ឋានក្នុងពង្រីកអាជីវកម្មរបស់ខ្លួន៕