(កំពង់ធំ)៖ លោក ទី ថាវី អភិបាលរងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានស្នើអង្គភាពពាក់ព័ន្ធចូលរួមអភិរក្សវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជនជាតិដើមភាគតិចកួយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ទី ថាវី បានថ្លែងនៅក្នុងពិធីអបអរសាទរទិវាជនជាតិដើមភាគតិច ពិភពលោក លើកទី២៩ និងលើកទី១៩ នៅកម្ពុជា ដែលរៀបចំនៅថ្ងៃទី២២ ខែសីហាឆ្នាំ ២០២៣ នៅភូមិចង្អូរខ្នារ ឃុំ ងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស្រេង ណូត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងបងប្អូនជនជាតិដើមភាគតិចកួយ ប្រមាណ៣០០នាក់។

នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកំពង់ធំ ដែលបានរៀបចំកម្មវិធីនេះឡើងព្រោះថានេះគឺជាទិវាជនជាតិដើមភាគតិច ពិភពលោក លើកទី២៩ និងលើកទី១៩ នៅកម្ពុជាក្រោមប្រធានបទ «យុវជនជនជាតិដើមភាគតិចកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តសិទ្ធិសម្រេច» ជាការពិតណាស់យុវជនជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរដើម្បីសិទ្ធិស្វ័យដោយខ្លួនឯងគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ អភិរក្ស នៅវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ដ៏ផូរផង់របស់បងប្អូនជនជាតិដើមភាគតិចដែលបានធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានាស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្ដល់ឱកាស និងលើកសិទ្ធិ សេរីភាព សេដ្ឋកិច្ច សង្គម វប្បធម៌ ក្នុងការបញ្ចេញមតិយោបល់ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ តាមការអភិវឌ្ឍន៍គម្រោង នានា ជាងនេះទៀតបានលុបបំបាត់ទាំងស្រុងចំពោះការរើសអើងក្នុងសង្គម កាត់បន្ថយភាពក្រីក្រក៏ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អ ស្របទៅនិងគោលនយោបាយអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៩-២០៣០ គឺការអភិវឌ្ឍប្រកបទៅដោយបរិយាប័ន្ន។

លោកបានបន្តថា យុវជនជនជាតិដើមភាគតិច ត្រូវបានបន្តអភិវឌ្ឍន៍ខ្លួនពេញមួយជីវិតទាំងចំណេះដឹងវិទ្យាសាស្ត្រ និងចំណេះដឹងប្រពៃណីដើម្បីដើរឱ្យទាន់សកលភាវូបកម្មបច្ចេកវិទ្យា និងអាចអភិរក្ស និងអភិវឌ្ឍចំណេះដឹងជនជាតិដើមភាគតិច ប្រកបដោយចេរភាពបាន។

ជាមួយគ្នានេះដែរ លោក ទី ថាវី បានសំណូមពរដល់អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បន្តជួយសម្របសម្រួលគាំទ្រនិងសហការបន្ថែមទាំងទៀតទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ និងធនធានរួមមានដូចជា១៖ ការងារកំណត់ស្វ័យអត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច, ២៖ ការទទួលស្គាល់សិទ្ធិជានីតិបុគ្គល, ៣៖ ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍, ៤៖ ចុះបញ្ជីប្រើប្រាស់ដីជាសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច, ៥៖ ការបណ្តុះបណ្តាលធនធានមនុស្ស។ល។ ក្នុងគោលបំណងចូលរួមចំណែកឱ្យបានកាន់តែខ្លាំងថែមទៀតលើការងារអភិរក្ស និងអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

បើតាមលោក ថុង ប៊ុនធាង ប្រធានការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ មានបងប្អូនជនជាតិដើមភាគតិចរស់នៅចំនួន ០៥ ស្រុក ១១ ឃុំ ៣០ភូមិ ក្នុងនោះមាន៖

១៖ ស្រុកសណ្តាន់ មាន០២ឃុំ ១០ភូមិ មានចំនួនគ្រួសារសរុប៥៧០ ប្រជាជនសរុប ២,៤៥២ នាក់ ស្រី១,១៩៦នាក់
២៖ ស្រុកប្រាសាទសំបូរ មាន២ឃុំ ០៣ភូមិ មានចំនួនគ្រួសារសរុប៨៥៧ ប្រជាជនសរុប ៣,៨៥២នាក់ ស្រី១,៩៤២នាក់
៣៖ ស្រុកប្រសាទបល្ល័ង្ក មាន៤ឃុំ១២ភូមិ មានចំនួនគ្រួសារសរុប ១,៧៣៥ប្រជាជន សរុប៧,៦០៩ នាក់ ស្រី៤,២២៨នាក់
៤៖ ស្រុកកំពង់ស្វាយ មាន០២ឃុំ ០៤ភូមិ មានចំនួនគ្រួសារសរុប ២២៥ ប្រជាជនសរុប ៩៣៧នាក់ ស្រី៤៨៤នាក់
៥៖ ស្រុកសន្ទុក មាន០១ឃុំ ០១ភូមិ មានចំនួនគ្រួសារសរុប៤២ ប្រជាជនសរុប ១០៥នាក់ ស្រី៦៥នាក់៕