(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗពីវិស័យឯកជន។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មី អាណត្តិទី៧ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងមួយចំនួន ដើម្បីបន្តជំរុញគាំទ្រវិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច»។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹងការសម្រេចបាន នូវសុខសន្តិភាពដ៏ពេញលេញ និងរឹងមាំ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់។
សូមបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមាននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី៕