(ភ្នំពេញ)៖ ជនជាតិបរទេសម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារខុនដូរមួយកន្លែង នៅវេលាទាបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបន្សល់ទុកលិខិតបណ្ដាំ៣សន្លឹក នៅក្នុងបន្ទប់ខុនដូរ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានបញ្ជាក់ថា ដើមឡើងគេលឺសំឡេងធ្លាក់យ៉ាងខ្លាំង នៅក្បែរអគារខុនដូរ ហើយក៏នាំគ្នារត់ទៅមើលស្រាប់តែប្រទះឃើញជនជាតិបរទេសម្នាក់ ដេកសម្លាប់ដោយសង្ស័យថា លោតពីខាងលើ។ ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព និងពិនិត្យបរិវេណទីតាំងកន្លែងកើតហេតុ។
បើតាមសេចក្ដីរាយការណ៍ ជនជាតិបរទេសនេះ គឺពិតជាធ្វើអត្តឃាតដោយខ្លួនឯង តាមរយៈការលោតសម្លាប់ខ្លួនពីលើជាន់ទី២៤ ប្រាកដមែន ដោយសំអាងលើលិខិតបណ្ដាំចំនួន៣សន្លឹក ដែលគេសរសេរទុកនៅកន្លែងកើតហេតុ និងសុំទោសទៅកាន់ម្ចាស់ទីតាំងផងដែរ។ មហាជនពីទីតាំងកន្លែងកើតហេតុ បានបង្ហាញនូវការសោកស្ដាយជាពន់ពេក នៃការធ្វើអត្ដឃាតដោយខ្លួនឯងពីសំណាក់ជនបរទេសម្នាក់នេះ និងចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារសពផងដែរ។
ក្នុងលិខិត៣សន្លឹកនោះ ជនរងគ្រោះបានសរសេរជាភាសាអង់គ្លេស ហើយបកប្រែថា «ខ្ញុំបានឲ្យទូរស័ព្ទដៃរបស់ខ្ញុំទៅមិត្តម្នាក់។ ទូរស័ព្ទដៃរបស់គាត់ (ស្រី) បានខូច។ សូមឲ្យគាត់រក្សាទុកទូរស័ព្ទនេះចុះ គាត់ជាមនុស្សល្អម្នាក់។ ការស្លាប់របស់ខ្ញុំអត់មានពាក់ព័ន្ធនឹងប្រទេសកម្ពុជាឡើយ។ ខ្ញុំធ្លាប់សប្បាយរីករាយក្រៃលែង ប៉ុន្តែឥលូវខ្ញុំគ្មានអារម្មណ៍អ្វីទាំងអស់។ ពេលវេលារបស់ខ្ញុំបានមកដល់ហើយ ខ្ញុំពិតជាសោកសៅ និងសោកស្ដាយដែលបង្កឲ្យមានរឿងធំបែបនេះកើតឡើង»។
បច្ចុប្បន្នសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ស្ថានទូតរបស់ជនបរទេសខាងលើ ដើម្បីធ្វើការបន្ដតាមនីតិវិធី៕